បងប្អូនទាំងពីរ

មានកូនចាបពីរក្បាលជាបងប្អូននឹងគ្នា មួយឈ្មោះអាប្រផេះ នេងមួយទៀតឈ្មោះអលឿង ។
ព្រឹកមួយ មានព្រានម្នាក់បានចូលទៅលបចាប់ពួកគេនៅក្នុងសំបុក
តែសំណាងល្អពួកគេក៏បានគេចរួច ហើយបានហើរយ៉ាងឆ្ងាយ ។
ទាំងពីរអ្នកបងប្អូនមានការនឿយហត់ អស់កំលាំង និងឃ្លានយ៉ាងខ្លាំង ។
អាប្រផេះបាននិយាយទៅអាលឿងថា ៖
ខ្ញុំទៅទៀតលែងរួចហើយ!..យើងរកកន្លែងសម្រាកសិនទៅ!..
អាលឿងឮដូចនោះក៏ឆ្លើយតប ៖
ល្អ!..ខ្ញុំក័ហត់ណាស់ដែរ!..
ថាហើយចាបទាំងពីរនាក់បងប្អូន ក៏ចុះទៅទំលើយ៉ខាងមុខផ្ទះមួយដែលមានទ្រុងនៅក្បែរនោះ ។
អាលឿងបានឃើញចំណីដែលដាក់នៅក្នុងទ្រុង វាក៏និយាយដោយសប្បាយចិត្ត ៖
អូអាប្រផេះ!..មើលនុះ!..មានទាំងចំណីទៀត!..
ចាបទាំងពីរនាកបងប្អូនក៏បានដើរចូលមកឈរពីមុខទ្រុង ដោយសេចក្តីស្រេកឃ្លាន ។ ភ្លាមនោះទ្រុងក៏និយាយ ៖
សូមស្វាគមន៍កូនចាបទាំងពីរ!.. សូមចូលមករស់នៅក្នុងទ្រុង ដែលមានអាហារហូបស្រាប់តបស់ខ្ញុំ!..
អាលឿងក៏ងាកទៅសួរទ្រុង ៖
តើពេលដែលខ្ញុំចូលទៅរស់នៅក្នុងទ្រុងរបស់អ្នកហើយ!..ខ្ញុំអាចចេញមកវិញបានទេ?
ទ្រុងឆ្លើយតបជាមួយនឹងអាលឿង ៖
មិនអាចឡើយ!.. តើឯងចាំបាច់ត្រូវចេញទៅក្រៅធ្វើអី បើក្នុងទ្រុងខ្ញុំនេះមានអាហារហូបស្រាប់ហើយនោះ !..
អាប្រផេះបានឆ្លើយតបទៅទ្រុងថា ៖
តែយើងត្រូវការជួបជុំបងប្អូន និងមិត្តភក្តិដែលនៅខាងក្រៅ!..
ទ្រុងក្រវីក្បាលបដិសេធ ៖
មិនបានទេ!..បើឯងចង់បានសេរីភាពកុំចូលមករស់នៅក្នុងទ្រុងយើងអី!..
តែបើឯងត្រូវការអាហារចូលមករស់នៅក្នុងទ្រុងខ្ញុំចុះ!..
ដោយសេចក្តីស្រេកឃ្លានខ្លាំង និងខ្វះការអត់ធ្មត់ អាលឿងក៏សម្រេចចិត្ត
ទៅរស់នៅក្នុងទ្រុង យើយអាប្រផេះក៏ហើរចេញពីទីនោះទៅ ។
មិនយូរប៉ុន្មាន អប្រផេះក៏បានជួបនឹងដើមឈើដែលអាចហូបផ្លែបាន វាក៏ធ្វើសំបុកនៅលើដើមឈើនោះតែម្តង ។
ច្រើនឆ្នាំកន្លងទៅ អាប្រផេះក៏នឹកដល់អាលឿង ហើយក៏បានហើរទៅលេង ។
អាប្រផេះឃើញអាលឿងមានរាងកាយស្គមស្គាំងយើយក៏សួរ ៖
យីអាលឿង!..ម្តេចក៏ឯងស្គមម្លះ? ហើយរោមពណ៌លឿងដ៏ស្រស់ស្អាតរបស់ឯងបាត់ទៅណាអស់ហើយ?..
អាលឿងសម្លឹងមើលមកអាប្រផេះនិយាយ ៖
អាប្រផេះអើយខ្ញុំខុសហើយ!..ជីវិតក្នុងទ្រុងពិតជាលំបាកណាស់ ថ្ងៃខ្លះអត់ចំណី ថ្ងៃខ្លះទទឹកភ្លៀង ថ្ងៃខ្លះដេកហាលថ្ងៃក្តៅ
ហើយថ្ងៃខ្លះត្រូវកូនម្ចាស់ផ្អះមកដករោមស្អាតៗរបស់ខ្ញុំលេងទៀតផង!..
ភ្លាមនោះស្រាប់តែមានភ្លៀងធ្លាក់មក អាប្រផេះក៏ហើរទៅជ្រកភ្លៀង
ចំណែកឯអាលឿងវិញបានត្រឹមតែប្រឹងទទះស្លាបនៅក្នុងទ្រុងទាំងខ្លួនទទឹកជោគ ។
អប្រផេះសម្លឹងទៅអាលឿងពិចារណា "នេះមកពីឯងខ្វះការអត់ធ្មត់ចំពោះសេចក្តីស្រេកឃ្លាន!..
បើឯងព្រមទ្រាំតែបន្តិច គឹមិនចាំបាច់រស់នៅក្នុងទ្រុងនេះទេ!.."
ដោយមិនអាចជួយធ្វើអ្វីបាន អាប្រផេះក៏ហើរទៅសំបុកវាទាំងក្រៀមក្រម ។
"នៅលើលោកនេះគ្មានរបស់ដែលបានមកដោយទទេនោះទេ"
"ជំនូនតែងតែមានចំណង ដូចនេះមុននឹងទទួលជំនូនអ្នកណាម្នាក់គួរតែដឹងពីបំណងរបស់គេជាមុនសិន"
ចប់