រឿង កុមារណារិន

ណារិន រស់នៅតាមមាត់ទន្លេ ។ ឪពុកណារិន បានបង្ហាត់ណារិនឱ្យចេះហែលទឹកតាំងពីក្មេង ។
ណារិន ព្យាយាមហ្វឹកហាត់ហែលទឹកយ៉ាងស្ទាត់ជំនាញ ។
ថ្ងៃមួយ មានក្មេងមួយក្រុមកំពុងហ៊ោកញ្ជ្រៀវលេងទឹកទន្លេខាងក្រោយផ្ទះណារិន ។
មួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងក្មេងៗស្រែក ៖ "ជួយផង ! ជួយផង មានអ្នកលង់ទឹកហើយ !" ។
ឮភ្លាមណារិនឆក់បានក្រមាស្ទុះវឹងទៅមាត់ទន្លេ ឃើញក្មេងម្នាក់កំពុងលិចអណ្តែតៗ ។
ណារិនលោតចុះក្នុងទឹក ហែលទៅជិតកុមារនោះ រួចបោះក្រមាឱ្យតោង ។
ណារិនហែលអូសរហូតដល់ច្រាំង ទើបស្រង់អ្នកលង់ទឹកឡើងលើគោក ។
អ្នកនៅទីនោះ នាំគ្នាជួយសង្គ្រោះអ្នកលង់ទឹកផុតពីគ្រោះថ្នាក់ ។ អ្នកភូមិសរសើរណារិនគ្រប់ៗគ្នា ។