មេរៀនទី៤ អំណាចនីតិប្រតិបត្តិ

1. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

តើការបង្កើតរាជរដ្ឋាភិបាលមានដំណើរការដូចម្តេចខ្លះ ?
ការបង្កើតរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានដំណើរការដូចតទៅ ៖
  • ដំបូងព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនតំណាងរាស្រ្តមួយរូបនៃគណៈបក្សឈ្នះឆ្នោតតាមការស្នើសុំរបស់ប្រធាន អនុប្រធានរដ្ឋសភាឱ្យបង្កើតរាជរដ្ឋាភិបាល ។
  • បន្ទាប់មកវិរជនដែលបានចាត់តាំងនោះត្រូវនាំសហការី ក្នុងគណៈបក្សខ្លួនទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ។
  • បន្ទាប់ពីរដ្ឋសភាបោះឆ្នោតទុកចិត្តឱ្យទើបព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រិត្យតែតាំងគណៈរដ្ឋមន្ត្រី ។
  • ហើយគណៈរដ្ឋមន្ត្រីត្រូវចួលធ្វើសច្ចាប្រណិធានរួច ទើបកាន់តំណែងការងារ ។
  • ដូចនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបង្កើតឡើងបានអាស្រ័យដោយការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ។ បន្ទាប់មករដ្ឋសភាត្រូវជ្រើសរើសវរជន ម្នាក់ពីគណៈបក្សឈ្នះឆ្នោត ដើម្បីស្នើសុំព្រះមហាក្សត្រ ហើយទ្រង់ចាត់តាំងវរជននោះឱ្យបង្កើតរាជរដ្ឋាភិបាលឡើង ។
    2. គណៈរដ្ឋមន្ត្រី

    តើគណៈរដ្ឋមន្ត្រីជាអ្វី ?
    គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ គណៈរដ្ឋមន្ត្រីដឹកនាំដោយ ៈ
  • នាយករដ្ឋមន្ត្រីជាប្រធាន
  • ឧបនាយករដ្ឋមន្ត្រី
  • ទេសរដ្ឋមន្ត្រី
  • រដ្ឋមន្ត្រី
  • រដ្ឋលេខាធិការ ជាសមាជិក
  • 3. ការប្រជុំគណៈរដ្ឋមន្ត្រី

    តើគណៈរដ្ឋមន្ត្រីត្រូវធ្វើអ្វីខ្លះ ?
  • គណៈរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្តាហ៍
  • អង្គប្រជុំនោះត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី ។
  • ហើយនាយករដ្ឋមន្ត្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន ។
  • រាល់ពេលប្រជុំត្រូវមានកំណត់ហេតុនិងត្រូវយកកំណត់ហេតុនោះថ្វាយព្រះមហាក្សត្យទ្រង់ជ្រាប ។
  • ដូចនេះ ការប្រជុំរបស់គណៈរដ្ឋមន្ត្រីប្រព្រឹត្តទៅរាល់សប្តាហ៍នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
    4. តួនាទីនិងភារកិច្ចសំខាន់ៗរបស់រាជរដ្ឋាភិបាល

    តួនាទី និងភារកិច្ចរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជារួមមាន
  • រាជរដ្ឋាភិបាលជាអ្នកដឹកនាំកិច្ចការងារនយោបាយ និងការងារសាធារណៈរបស់ប្រទេសជាតិ ។
  • រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកអនុវត្តច្បាប់ដែលអនុម័តដោយរដ្ឋសភា និងធ្វើសំណើតែងតាំងអភិបាលរាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ។
  • ហើយរាជរដ្ឋាភិបាលក៏ជាអ្នករៀបចំសេចក្តីព្រាងច្បាប់នានាដើម្បីដាក់ជូនរដ្ឋសភាពិនិត្យសម្រេច ។
  • ដូចនេះ រាជរដ្ឋាភិបាល ជាអ្នកដឹកនាំ និងកសាងប្រទេសឱ្យបានរីកចម្រើន ព្រោះស្ថាប័ននេះ ជាអ្នកឈានមុខរបស់ប្រជាពលរដ្ឋ ក្នុងការដឹកនាំអនុវត្តច្បាប់ និង ធ្វើសេចក្តីព្រាងច្បាប់សម្រាប់ប្រទេស ។
    5. ក្រសួងនានា

    រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានក្រសួងជាច្រើនដែលជាស្ថាប័នចំណុះដូចជា
  • ក្រសួងព្រះបរមរាជវាំង
  • ក្រសួងការពារជាតិ
  • ក្រសួងមហាផ្ទៃ
  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  • ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ក្រសួងព៍ត៌មាន
  • ក្រសួងសុខាភិបាល
  • ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
  • ក្រសួងផែនការ
  • ក្រសួងពាណិជ្ជកម្ម
  • ក្រសួងអប់រំ យុវជន និងកីឡា
  • ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ
  • ក្រសួងបរិស្ថាន
  • ក្រសួងអភិវឌ្ឍន៍ជនបទ
  • ក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងនីតិសម្បទា
  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
  • ក្រសួងធម្មការ និងកិច្ចការសាសនា
  • ក្រសួងកិច្ចការនារី
  • ក្រសួងសាធារណការ និងដឹកជញ្ជូន
  • ក្រសួងយុត្តិធម៌
  • ក្រសួងទេសចរណ៍
  • ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់
  • ក្រសួងធនធានទឹក និងឧតុនិយម
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • ក្រសួងទាំងអស់ជាអ្នកអនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីធានាការសម្រេចបាននូវលទ្ធផលការងារតាមវិស័យនិងជំនាញនីមួយៗ
    6. សមាសភាពសមាជិករាជរដ្ឋាភិបាល

    សមាសភាពសមាជិករាជរដ្ឋាភិបាលជាអ្នកដឹកនាំនយោបាយមានដូចជា ៈ
  • នាយករដ្ឋមន្ត្រី
  • ឧបនាយករដ្ឋមន្ត្រី
  • ទេសរដ្ឋមន្ត្រី
  • រដ្ឋមន្ត្រី
  • រដ្ឋលេខាធិការ
  • មេរៀនសង្ខេប

    រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកាន់អំណាចនីតិប្រតិបត្តិ ដែលជាអំណាចអនុវត្តច្បាប់ គឺគ្រប់គ្រងកិច្ចការនយោបាយ និងការងារសាធារណៈរបស់ប្រទេសជាតិ ។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបង្កើតឡើងបានអាស្រ័យដោយការបោះឆ្នោត និងមានការចាត់តាំងពីព្រះមហាក្សត្រ ។

    សំណួរ

    ក. ចូរឆ្លើយនឹងសំណួរខាងក្រោម ។
    ខ. ចូរអានល្បះក្នុងជួរ(ក) និងល្បះក្នុងជួរ (ខ) រួចសរសេរភ្ជាប់ល្បះទាំងពីរឱ្យមានន័យត្រឹមត្រូវ ។
    ចម្លើយ
    1. នាយករដ្ឋមន្ត្រី ក. កាន់អំណាចនីតិប្រតិបត្តិ 1.
    2. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ. ជាអ្នកដឹកនាំប្រទេសជាតិនិងដឹកនាំនយោបាយ ។ 2.
    3. គណៈរដ្ឋមន្ត្រី គ. នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ... ។ 3.
    4. សមាសភាពរាជរដ្ឋាភិបាលមាន ឃ. ត្រូវមានកំណត់ហេតុសម្រាប់ថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប ។ 4.
    5. ការប្រជុំរបស់គណៈរដ្ឋមន្ត្រី ង. ត្រូវប្រជុំរាល់សប្តាហ័ ។ 5.