មេរៀនទី២ បុណ្យប្រពៃណីជាតិ

1. បុណ្យប្រពៃណីជាតិ

1. កាលបរិច្ឆេទនិងខ្លឹមសារសំខាន់ៗនៃពិធីបុណ្យប្រពៃណីជាតិ
តើគេធ្វើបុណ្យកឋិនទាន បុណ្យមាឃបូជា និងបុណ្យពិសាខបូជានៅពេលណា​? ដើម្បីអ្វី ?
បុណ្យកឋិនទានគេប្រារព្ធធ្វើចាប់ពីថ្ងៃទី 1 រោចខែអស្សុជ រហូតដល់ថ្ងៃ 15 កើត ខែកត្តិក ។ គេធ្វើបុណ្យនេះដើម្បីនាំយកនូវត្រៃចីវរនិងទេយ្យទានផ្សេងៗទៅប្រគេន ព្រះសង្ឃនិងឧទ្ទិសមគ្គផលជូនទៅដល់អ្នកមានគុណឬញាតិសន្តានដែលបានចែកឋានទៅ ។
បុណ្យមាឃបូជាគេធ្វើនៅថ្ងៃ 15 កើតខែមាឃ ។ គេធ្វើបុណ្យនេះដើម្បីរំឭកដល់ការត្រាស់ដឹងរបស់ព្រះពុទ្ធពេលព្រះអង្គមានព្រះជន្មបាន 35ព្រះវស្សា ។
បុណ្យពិសាខបូជា គេបា្ររព្ធធ្វើនៅថ្ងៃ 15កើត ខែពិសាខ ។ គេធ្វើបុណ្យនេះដើម្បីឱ្យពុទ្ធបរិស័ទគោរពនិងដឺងគុណដល់ពេលទាំងបីរបស់ព្រះពុទ្ធ ពេលប្រសូត្រ ថ្ងៃ 15កើត ពេលត្រាស់ដឹង ថ្ងៃ 15កើត និងពេលចូលបរិនិព្វាន ថ្ងៃ 15កើត ។
ក. ការរៀបចំសម្ភារៈនិងរបៀបប្រារព្ធពិធីសំខាន់ៗក្នុងបុណ្យប្រពៃណីជាតិបុណ្យកឋិនទាន
ដើម្បីរៀបចំធ្វើពិធីបុណ្យកឋិនទានឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈប្រពៃណីខ្មែរ គេត្រូវគិតពីគ្រឿងរណ្តាប់និងរបៀបប្រារព្ធពិធី ។
  • គ្រឿងរណ្តាប់
  • គ្រឿងរណ្តាប់ក្នុងពិធីបុណ្យកឋិនទានមានសាដក (តាមចំនួនព្រះសង្ឃគង់នៅក្នុងវត្តដែលហែចូល) ទេយ្យទាន (គ្រែ កៅអីសម្រាប់លោកទេសន៍...) ។
  • ពិធីបុណ្យប្រារព្ធ
  • ថ្ងៃទី 1
  • ពេលរសៀល ជួបជុំពុទ្ធបរិស័ទ
  • ពេលយប់ ស្តាប់ព្រះសង្ឃសម្តែងព្រះធម៌ទេសនា ។
  • ថ្ងៃទី 2
  • ពេលព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ រួចដង្ហែអង្គកឋិនទៅកាន់វត្ត ។
  • ពេលរសៀល គេហែអង្គកឋិនទានប្រទក្សិណព្រះវិហារបីជុំ ។ បន្ទាប់មកគេប្រគេនទេយ្យវត្ថុទាំងអស់ដល់ព្រះសង្ឃទុកសម្រាប់ប្រើប្រាស់តាមសេចក្តីត្រូវការ ។
  • ពិធីហែកឋិនទាន
  • តើការហែកឋិនប្រព្រឹត្តទៅដូចម្តេច ?
    image 6
    ពេលហែពិធីនោះ គេនាំគ្នាកាន់គ្រឿងរណ្តាប់កឋិនទាំងអស់រួចដើរប្រទក្សិណព្រះវិហារចំនួនបីជុំ គឺត្រូវដើរហែប្រកាន់យកព្រះវិហារនៅខាងស្តាំដៃអ្នកហែ ដោយមានក្រុមឆៃយុាំនៅពីមុខក្បួនជាអ្នកប្រគំកំដរ ។ បន្ទាប់ពីក្រុមឆៃយុាំមានលោកអាចរ្យជាអ្នកនាំផ្លូវនិងស្រែកអនុមោទនាអង្គកឋិនមុនគេ ។ បន្ទាប់លោកអាចារ្យមានអ្នកទូលត្រៃធំ និងអ្នកទូលត្រៃតូចនៅអមសងខាង ព្រមទាំងមានអ្នកកាន់វត្ថុប្រើប្រាស់សម្រាប់ប្រគេនព្រះសង្ឃនៅបន្តបន្ទាប់ ។ ចុងក្រោយគេ គឺអ្នកកាន់កញ្ចប់សាដកនិងអ្នកចូលរួម ។
    នៅពេលលោកអាចារ្យស្រែកថាអនុមោទនាអង្គកឋិនទានលោកអើយ ! អ្នកចូលរួមទាំងអស់ត្រូវស្រែកបន្ទរព្រមគ្នាតាមក្រោយថា " សាធុ សាធុ សាធុ " ព្រមទាំងលើកដៃសំពះផង ។
    ខ. បុណ្យមាឃបូជា
  • តើគេធ្វើបុណ្យមាឃបូជាដូចម្តេច ?
  • image 6
    បុណ្យមាឃបូជា ជាបុណ្យមហាមង្គល់ដ៏ប្រសើរ គេធ្វើនៅគ្រប់វត្តអារាមនៃព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ។
    ដើម្បីរៀបចំពិធីបុណ្យមាឃបូជា គេត្រូវមានគ្រឿងរណ្តាប់និងគិងពីរបៀបប្រារព្ធពិធី ។
  • គ្រឿងរណ្តាប់
  • ទៀន ធូប ម្លូ ស្លា បារី ផ្ការៀបដាក់លើជើងពាននៅពីមុខព្រះពុទ្ធរូបដើម្បីបូជាដល់ព្រះរតនត្រ័យ ។
  • សាដកសម្រាប់ប្រគេនព្រះសង្ឃ ។
  • ស្តូបសម្រាប់តម្កល់ព្រះសរីរិកធាតុ
  • ដំណើរការនៃពិធីបុណ្យ
  • នៅពេលរសៀលថ្ងៃ 15កើតខែមាឃពុទ្ធបរិស័ទជូបជុំគ្នាសូត្រមន្ត (ធ្វើសមាទានសីល) ស្តាប់ធម៌បាលីមាឃបូជានិងការសម្តែងធម៌ទេសនាពីពុទ្ធប្រវត្តិ ។
    ពេលព្រឹកឡើងត្រូវនឹងថ្ងៃ 1រោចខែមាឃគេរាប់បាត្រ ដារឆ្លង វេរចង្ហាន់ និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ។
    គ. បុណ្យពិសាខបូជា
  • តើគេរៀបចំបុណ្យពិសាខបូជាដូចម្តេច ? តើគេធ្វើនៅកន្លែងណា ? ហើយមានគ្រឿងរណ្តាប់អ្វីខ្លះ ?
  • image 6
    បុណ្យពិសាខបូជា ជាបុណ្យប្រពៃណីជាតិ ដែលគេធ្វើមួយឆ្នាំម្តងរៀងរាល់ឆ្នាំនៅថ្ងៃ 15កើត និងថ្ងៃ 1 រោចខែពិសាខ ។
  • ទីកន្លែងប្រារព្ធពិធី
  • តាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីខ្មែរ គេធ្វើបុណ្យពិសាខបូជានៅក្នុងវត្តនៃព្រះពុទ្ធសាសនា គឺធ្វើរួមគ្នាក្នុងភូមិនិងអ្នកចំណុះជើងវត្ត ។
  • គ្រឿងរណ្តាប់
  • ទៀន ធូប តែ ស្ករ ផ្កាឈូក ស្បង់ចីវរ និងទេយ្យទាន ដើម្បីបូជាដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។
  • ដំណើរការនៃពិធីបុណ្យ
  • រសៀលថ្ងៃ 15កើត ខែពិសាខ ជូបជុំពុទ្ធបរិស័ទនៅវត្ត ដើម្បីធ្វើបទនមស្ការនិងស្តាប់ធម៌ទេសនាពុទ្ធប្រវត្តិ ។ ព្រះសង្ឃសូត្របាលីពិសាខបូជា សូត្រធម៌រំឭកគុណព្រះពុទ្ធ និងពិធីសុំខមាទោសចំពោះព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ។
    លុះព្រឹកថ្ងៃ 1 រោច​ ខែពិសាខ គេរាប់បាត្រ ដារឆ្លង វេរចង្ហាន់ ព្រមទាំងប្រគេនទេយ្យទានផ្សេងៗដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។ 2. សរសំខាន់នៃពិធីបុណ្យកឋិនទាន បុណ្យមាឃបូជានិងបុណ្យពិសាខបូជា
  • តើពិធីបុណ្យប្រពៃណីជាតិមានសារៈសំខាន់អ្វីខ្លះ ?
  • image 6
    ពិធីបុណ្យកឋិនទាន បុណ្យមាឃបូជានិងបុណ្យពិសាខបូជា ជាពិធីបុណ្យសាសនាដ៏ធំដែលប្រជាជនកម្ពុជាយើង ភាគច្រើនបានប្រារព្ធធ្វើតាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្ននេះ ។
    ពិធីបុណ្យទាំងនេះបានធ្វើឱ្យប្រជាជន់ខ្មែរយើងមានទំនៀមទម្លាប់ប្រពៃណីនិងសាសនាមួយច្បាស់លាស់និងធ្វើឱ្យប្រជាជនទាំងអស់ចេះដឹងគុណ ចេះរំឭកគុណហើយតបស្នងសងគុណដល់អ្នកនៅជុំវិញខ្លួននិងបុព្វបុរសរបស់ខ្លួន ។
    មិនតែប៉ុណ្ណោះពិធីបុណ្យទាំងនេះធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសាមគ្គីភាព ស្រឡាញ់រាប់អានគ្នា និងមានការរស់នៅជួបជុំគ្នាដោយសន្តិភាព ។
    បច្ចុប្បន្នប្រជាជនខ្មែរដែលជាពុទ្ធសាសនិក បានថែរក្សាទំនៀមទម្លាប់ប្រពៃណីក្នុងពិធីបុណ្យនេះ ហើយបាននាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។
    3. ឥរិយាបថល្អក្នុងពេលចូលរួមពិធីបុណ្យ
    កុមារគ្រប់រូបតែងតែមានឱកាសចូលរួមក្នុងពិធីបុណ្យផ្សេងៗទាំងបុណ្យនៅក្នុងគ្រួសារ និងនៅក្នុងសហគមន៍ដែលខ្លួនរស់នៅ ។ ដូចនេះ ដើម្បីធ្វើខ្លួនឱ្យក្លាយជាកូនល្អ មិត្តល្អ និងសិស្សល្អ កុមារត្រូវតែយល់ដឹងពីប្រការអ្វីដែលគួរធ្វើ និងមិនគួរធ្វើដូចខាងក្រោម ៈ
  • អង្គុយបត់ជើងស្តាប់ព្រះសង្ឃសូត្រធម៌ទេសនា ។
  • ពាក់អាវសនិងស្លៀកសំពត់ឱ្យបានសមរម្យ ។
  • មិនប្រឡែងគ្នាឬស្រែកឡូឡាឬបង្កជម្លោះឡើយ ។
  • ជួលលើទឹក ឬភេសជ្ជៈជូនចាស់ៗ និងភ្ញៀវ ។
  • ពាក់អាវពណ៌សនិងស្លៀកខោជើងវែង ។
  • សង្ខេបមេរៀន
  • បុណ្យកឋិនទានមានរយៈពេល 1 ខែ ឬ 29 ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃ 1 រោច ខែអស្សជរហូតដល់ថ្ងៃ 15 កើត​ ខែកត្តិក ។ គេហៅរយៈពេលនៃការធ្វើបុណ្យកឋិននេះថា កឋិនកាល ឬរដូវកឋិន ។
  • បុណ្យមាឃបូជាគេធ្វើ ដើម្បីរំឭកដល់ការត្រាស់ដឹងរបស់ព្រះពុទ្ធ ។
  • បុណ្យពិសាខបូជា គេធ្វើដើម្បីរំឭកដល់ការចាកផ្ទៃ ការត្រាស់ដឹង និងការរំលត់ខន្ធរបស់ព្រះពុទ្ធ ។
  • សំណួរ

    ក. ចូរឆ្លើយនឹងសំណួរខាងក្រោម ។
    ខ. ចូរបង្ហាញពិរបៀបរៀបចំពិធីបុណ្យណាមួយដែលអ្នកធ្លាប់បានចូលរួមតាមរយៈសំណួរខាងក្រោម ។