មេរៀនទី២ សុវត្ថិភាពរបស់កុមារនៅពេលជិះកង់

1. ឥរិយាបថល្អនៅពេលជិះកង់តាមដងផ្លូវ

ការជ្រើសរើសផ្លូវប្រកបដោយសុវត្ថិភាព
  • ដើម្បីមានសុវត្ថិភាព តើកុមារគួរជិះកង់នៅកន្លែងណា ? ហើយជិះដូចម្តេច ?
  • ដើម្បីមានសុវត្ថិភាពនៅពេលជិះកង់ យើងត្រូវជិះនៅខាងស្តាំដៃ ។
  • គឺជិះនៅចញ្ចើមផ្លូវក្បែរកន្លែងថ្មើរជើង ។
  • យើងត្រូវជិះដង់ដោយមានការប្រុងប្រយ័ត្ននិងរក្សាល្បឿនធម្មតា ។
  • មិនជិះកង់ប្រឡែងគ្នា ។
  • មិនធាក់គ្នាលេង ។
  • មិនជិះប្រណាំងគ្នា ឬជិះទន្ទឹមគ្នា ។
  • ដូចនេះ នៅពេលជិះកង់ យើងត្រូវជិះប្រកាន់ស្តាំនៅក្បែរកន្លែងថ្មើរជើងនិងត្រូវជិះដោយប្រុងប្រយ័ត្នជានិច្ច ដើម្បីរក្សាសុវត្ថិភាពក្នុងពេលធ្វើដំណើរសម្រាប់ខ្លួនឯង និងអ្នករួមដំណើរជាមួយផងដែរ ។

    ការប្រើប្រាស់វត្ថុចាំងពន្លឺនៅលើកង់
    ការធ្វើដំណើរដោយជិះកង់នៅពេលយប់ កង់ត្រូវមានភ្លើង ឬវត្ថុចាំងពន្លឺណាមួយសម្រាប់ឱ្យអ្នកដទៃអាចមើលឃើញកង់របស់យើង ។ តើការជិះកង់នៅពេលយប់ចាំបាច់ត្រូវមានអ្វីខ្លះសម្រាប់ចាំងពន្លឺ ? ដើម្បីអ្វី ?
  • ការជិះកង់នៅពេលយប់ កង់របស់យើងត្រូវមានចង្កៀងកង់ខាងក្រោយព្រោះចង្កៀងពណ៌ក្រហម អាចចាំងពន្លឺឱ្យគេមើលឃើញថាមានកង់កំពុងធ្វើដំណើរ ។
  • យើងក៏អាចយកក្រដាសប្លាស្ទិចពណ៌ទឹកក្រូច ឬពណ៌លឿង...ចងពីក្រោយកង់ក៏អាចចាំងពន្លឺនៅពេលយប់បានដូចគ្នាដែរ ។
  • ដូចនេះ ចង្កៀងកង់ ឬឌីសចាស់ៗ ឬក្រដាសប្លាស្ទិចពណ៌ស លឿង បៃតង ក្រហម ទឹកក្រូច ទឹកមាស ទឹកប្រាក់ ដែលមាននៅពីក្រោយស្រទបកង់ជាវត្ថុអាចចាំងពន្លឺនៅពេលយប់បានល្អ ។ ពណ៌ចាំងពន្លឺជាសញ្ញាសម្រាប់ឱ្យគេបានដឹង និងមើលឃើញថាមានកង់កំពុងធ្វើដំណើរនៅខាងមុខ ។ សញ្ញានេះ ជាពត៌មានឱ្យអ្នកបើកបរពីក្រោយបង្កើនការប្រុងប្រយ័ត្ន ។ ការជិះកង់តាមផ្លូវសាធារណៈ
    ដើម្បីរក្សាសុវត្ថិភាពក្នុងពេលជិះកង់ អ្នកជិះត្រូវ
  • 1. ងាកមើលមុខក្រោយ ឆ្វេងស្តាំ មុនពេលចាប់ផ្តើមជិះ មុនពេលបត់ឆ្វេង មុនពេលបត់ស្តាំ មុនពេលជិះជែងគេ ឬពេលយប់ ។
  • 2. ត្រូវជិះអែបខាងស្តាំដៃជានិច្ច ។
  • 3. លើកដៃស្តាំជាសញ្ញានិងងាកមើលក្រោយ មុនពេលបត់ ។
  • 4. គោរពសិទ្ធិជាអាទីភាពខាងស្តាំដៃ លើកដៃឆ្វេងជាសញ្ញានិងងាកមើលក្រោយ មុនពេលបត់ ។ បន្ទាប់មកចាប់ផ្តើម ជិះមកខាងឆ្វេងដៃត្រឹមពាក់កណ្តាលទ្រូងផ្លូវ (កុំជិះបត់ឆ្វេង ឆ្លងពាក់កណ្តាលទ្រូងផ្លូវ មុនពេលដល់ពាកកណ្តាលផ្លូវខ្វែង) ។ នៅផ្លូវដែលមានចរាចរណ៍ច្រើន ដើម្បីសុវត្ថិភាព គួរឈប់ខាងស្តាំដៃ (ខាងមុខឬ ហួសផ្លូវខ្វែងបន្តិច) រួចរង់ចាំរហូតដល់ពេលអាចបណ្តើរកង់ឬជិះឆ្លងបាន ។
  • 5. ទុកឱ្យអ្នកនៅខាងឆ្វេងដៃក្នុងរង្វង់មូលទៅមុន ព្រោះពួកគេមានសិទ្វិអាទិភាព ។ គួរចុះបណ្តើរកង់ ប្រសិនបើមានយានយន្តច្រើនពេក ។
  • ការពិនិត្យមើលផ្លូវ មើលសកម្មភាពនៃអ្នកធ្វើដំណើរនៅពេលជិះកង់បានច្បាស់លាស់នោះជាការបង្កើនការប្រុងប្រយ័ត្នបានល្អត្រឹមត្រូវ ។ សេចក្តីប្រុងប្រយ័ត្ននាំឱ្យមានសុវត្ថិភាពដល់ខ្លួន និងដល់អ្នកដទៃ ។
    2. គ្រោះថ្នាក់ផ្សេងៗ

    តើមូលហេតុអ្វីខ្លះ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកជិះកង់ ?
    អ្នកជិះកង់អាចមានគ្រោះថ្នាក់ដោយសារ
  • ជិះកង់លឿនពេក ។
  • ជិះកង់ពេលយប់គ្មានភ្លើងបំភ្លឺផ្លូវ ។
  • ជិះកង់មិនគោរពតាមច្បាប់ចរាចរណ៌ ។
  • រថយន្ត ម៉ូតូបើកប៉ះ​ឬបុក ។
  • ជិះកង់ពេលភ្លៀងធ្លាក់ខ្លាំងមើលផ្លូវមិនច្បាស់ ។
  • មានសត្វពាហនៈឆ្លងកាត់ផ្លូវ ។
  • គ្រោះថ្នាក់ទាំងអស់នេះ ជាការបំផ្លាញរូបរាងកាយរបស់យើង ដូចជារបួសក្បាល ដៃជើង ខ្លួនប្រាណ ធ្វើឱ្យឈឺ ឬពិការ និងអាចប៉ះពាលដល់អាយុជីវិតថែមទៀត ។ វាក៏ធ្វើឱ្យយើងខូចកង់ បាត់បង់ទ្រព្យសម្បត្តិ ថវិការបស់ម្តាយឪពុកក្នុងការព្យាបាលជំងឺ និងខាតពេលវេលាសិក្សាររៀនសូត្រផងដែរ ។
    3. ការកាត់បន្ថយគ្រោះថ្នាក់ក្នុងពេលជិះកង់

    តើយើងត្រូវធ្វើដូចម្តេច ដើម្បីចៀសវាងកុំឱ្យមានគ្រោះថ្នាក់ក្នុងពេលជិះកង់ ?
    ដើម្បីជៀសវាងកុំឱ្យមានគ្រោះថ្នាក់នៅពេលជិះកង់យើងត្រូវ
  • ជ្រើសរើសផ្លូវសម្រាប់ជិះកង់ គឺនៅក្បែរកន្លែងថ្មើរជើងអែបខាងស្តាំដៃ ។
  • ជិះបន្ថយល្បឿន ។
  • ជិះដោយប្រុងប្រយ័ត្ន ដោយមើលឆ្ពោះទៅទិសដែលធ្វើដំណើរ ។
  • គោរពច្បាប់ចរាចរណ៌និងសញ្ញាចរាចរណ៌ជានិច្ច ។
  • ពាក់មួកសុវត្ថិភាពរាល់ពេលជិះកង់ ។
  • ត្រួតពិនិត្យមើលហ្វ្រាំង ភ្លើង កង់ កណ្តឹង ច្រវាក់កង់មុនពេលជិះ ។
  • ជិះកង់ណាដែលអាចជិះលើកែប ហើយយើងអាចដាក់ជើងដល់ដី ។
  • ការប្រុងប្រយ័ត្ននៅរាល់ពេលធ្វើដំណើរដោយជិះកង់នាំឱ្យមានសុវត្ថិភាពដល់រាងកាយ និងអាយុជីវិតរបស់ខ្លួន ។ យើងចូលរួមគោរពច្បាប់ចរាចរណ៌ទាំងអស់គ្នានឹងនាំឱ្យសង្គមទទួលបានភាពសុខសាន្ត ។
    4. សារៈសំខាន់នៃការពាក់មួកសុវត្ថិភាព

    តើការពាក់មួកសុវត្ថិភាពអាចជួយអ្វីខ្លះដល់អ្នកពាក់ ?
    ការពាក់មួកសុវត្ថិភាពអាចជួយការពារក្បាលរបស់យើង ដូចជា
  • ជួយការពារក្បាលឱ្យរួចផុតពីការប៉ះទង្គិចវត្ថុរឹង ឬគ្រោះថ្នាក់ផ្សេងៗ ។
  • ជួយការពារកម្តៅថ្ងៃ ។
  • ការពារកុំឱ្យដីហុយ ចូលសក់ក្បាល ។
  • កុំឱ្យងាយប្រេះ ឬស្រាំលលាដ៏ក្បាលនៅពេលដួលត្រូវវត្ថុរឹង ។
  • កុំឱ្យងាយបែកក្បាល ។
  • តើយើងត្រូវពាក់មួកសុវត្ថិភាពដូចម្តេច ?
    របៀបពាក់មួកសុវត្ថិភាពត្រូវ
  • ជ្រើសរើសទំហំមួកសុវត្ថិភាពសមល្មមចំពោះអ្នកពាក់ គឺសមនឹងទំហំក្បាលដែលអាចការពារថ្ងាសបាន ។
  • ពាក់ឱ្យជាប់មិនរអិលចុះឡើង ឬក្រឡាច់ ។
  • កឺបគន្លឹះខ្សែមួកក្រោមចង្កា ។
  • ប្រើមួកមានពណ៌ចាំងដើម្បីឱ្យអ្នកបើកបរដទៃងាយមើលឃើញអ្នកពាក់ ។
  • 5. ផលប្រយោជន៍នៃផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ

    តើនៅតាមដងផ្លូវមានផ្លាកសញ្ញាចរាចរណ៍អ្វីខ្លះ ? តើផ្លាកទាំងនោះសម្រាប់ធ្វើអ្វី ?
    នៅតាមដងផ្លូវមានផ្លាកសញ្ញាចរាចរណ៍ជាច្រើនសម្រាប់ផ្តល់ពត៌មានដល់អ្នកធ្វើដំណើរ ឬអ្នកបើកបរដូចជា

    image 1 សញ្ញាហាមឃាត់មានរាងមូលមានជាយជុំវិញពណ៌ក្រហម និងពណ៌ស
    សម្រាប់ដាក់បម្រាមដល់អ្នកបើកបរមិនឱ្យប្រព្រឹត្តិនូវអ្វីដែលមានបញ្ជាក់ខ្លឹមសារនៅក្នុងសញ្ញានោះ ។

    image 2 សញ្ញាបញ្ជាមានរាងមូល
    ផ្ទៃពណ៌ខៀវសម្រាប់តម្រូវឱ្យអ្នកបើកបរតាមបញ្ជារបស់ផ្លាកសញ្ញា ។

    image 3 សញ្ញាគ្រោះថ្នាក់ មានរាងការេបញ្ឈរ មានផ្ទៃពណ៌លឿងសម្រាប់ប្រាប់ឱ្យអ្នកបើកបរដឹងជាមុន
    ថានៅខាងមុខ មានគ្រោះថ្នាក់នឹងត្រូវការប្រុងប្រយ័ត្ន ។

    image 4 សញ្ញាប្រាប់ទិសដៅមានរាងចតុកោណកែង
    មានផ្ទៃពណ៌បៃតងសម្រាប់ប្រាប់ទិសដៅឆ្ពោះទៅក្រុងឬទីរួមខេត្តសំខាន់ៗ ។

    image 5 សញ្ញាប្រាប់ដំណឹងមានរាងការេ ផ្ទៃពណ៌ខៀវសម្រាប់ប្រាប់ពត៌មាន
    ឬទីកន្លែងផ្សេងៗដល់អ្នកបើកបរ ឬអ្នកដំណើរឱ្យបានដឹង ។

    6. សារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍

  • តើច្បាប់ចរាចរណ៍ និងភ្លើងចរាចរណ៍ផ្តល់ផលប្រយោជន៍ដល់អ្នកធ្វើដំណើរដូចម្តេចខ្លះ ?
  • គឺផ្តល់ឱ្យប្រជាពលរដ្ឋអនុវត្តតាមគ្រប់ពេលធ្វើដំណើរទាំងអ្នកបើកបរនិងថ្វើរជើងដូចជាត្រូវប្រកាន់ស្តាំដៃជាគោល ព្រោះជាច្បាប់ចរាចរណ៍របស់ប្រទេសកម្ពុជាយើង ។
  • ភ្លើងក្រហមជាសញ្ញាបញ្ជាឱ្យឈប់រង់ចាំនិងហាមដាច់ខាតមិនអនុញ្ញាតឱ្យបន្តដំណើរឡើយ ព្រោះគ្នានសិទ្ធិ ។
  • ភ្លើងសញ្ញាពណ៌បៃតងបង្ហាញឱ្យអ្នកដំណើរមានសិទ្ធិឆ្លងកាត់ ឬទៅមុខបានព្រោះជាសិទ្ធិអនុញ្ញាតឱ្យធ្វើដំណើរ ។
  • ភ្លើងសញ្ញាពណ៌លឿងបញ្ជាក់ប្រាប់ថាអ្នកដំណើរត្រូវប្រុងប្រយ័ត្ន ។
  • ដូចនេះ រាល់ពេលធ្វើដំណើរយើងត្រូវប្រកាន់ស្តាំ គោរពភ្លើងសញ្ញា និងផ្លាកសញ្ញាចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។ ការគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ អាចធ្វើឱ្យយើងចៀសផុតពីភាពកកស្ទះ ឬគ្រោះថ្នាក់បាន ។
    មេរៀនសង្ខេប

    ដើម្បីរក្សាសុវត្ថិភាពក្នុងពេលជិះកង់ យើងត្រូវគោរពច្បាប់ចរាចរណ៍ សញ្ញាចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរ ។ អ្នកជិះកង់ ត្រូវពាក់មួកសុវត្ថិភាពដោយកិបគន្លឹះខ្សែមួកក្រោមចង្កាឱ្យបានត្រឹមត្រូវ ។ ការរក្សាសុវត្ថិភាពនៅរាល់ពេលជិះកង់នឹងនាំឱ្យអ្នកមានសេចក្តីសុខ ។

    សំណួរ

    ក. ចូរឆ្លើយសំណួរខាងក្រោមនេះ ។
    ខ. ចូរមើលរូបភាពខាងក្រោម រួចបកស្រាយខ្លឹមសាររូបឱ្យបានត្រឹមត្រូវ