មេរៀនទី២៖ ការកំណត់គោលដៅនៅក្នុងការសិក្សា

កិច្ចការរបស់សិស្ស

សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សាឱ្យហ្មត់ចត់ និងគោរពគ្រូ ដើម្បីកសាងខ្លួនឱ្យក្លាយជាកូនល្ព សិស្សល្ព ពលរដ្ឋល្អនៅពេលអនាគត ។
តើយើងត្រូវគោរពគ្រូដូចម្តេចខ្លះ ?

គុណគ្រូបាធ្យាយ        គួរទុកដូចម្តាយ
ឪពុកយើងផង        ប្រិតប្រៀនប្រដៅ
ដោយនៅគន្លង        ពុំឱ្យឆ្គាំឆ្គង
នឹងច្បាប់សាលា ។
រីខ្ញុំជាសិស្ស        មិនត្រូវច្រឡើស
ត្រូវរួមសិក្សា        ផ្ចិតផ្ចង់ត្រង់ត្រាប់
រាល់ច្បាប់មាត្រា        ត្រិះរិះពិចារ
ឱ្យបានខ្ជាប់ខ្ជួន ។
ពេលសិក្សានៅក្នុងថ្នាក់យើងត្រូវធ្វើអ្វីខ្លះ ?

កុមារ ជាអ្នកដែលត្រូវទទួលបានការសិក្សាឱ្យមានចំណេះដឹង ចំណេះធ្វើ ។ ឱកាសនេះ កុមារត្រូវខិតខំរៀនសូត្រឱ្យបានចេះដឹង ព្រោះយើងនៅក្មេងហើយមិនសូវមានកង្វល់នឹងការរកសុីចិញ្ចឹមជីវិត ។ យើងហាត់អាន សរសេរ ធ្វើលេខនិងរៀបចំចរិយាសម្បត្តិឱ្យបានប្រពៃ ។ ជាពិសេស គឺយកចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំរបស់គ្រូ ចេះសួរ ឆ្លើយជាមួយគ្រូ មិត្តភក្តិ និងចូលរួមធ្វើកិច្ចការក្រុមជាមួយមិត្តភក្តិដោយសុខសាន្ត ។
តើកត្តាណាខ្លះដែលរារាំងដល់ការសិក្សា​?

ដើម្បីឱ្យការសិក្សាមានដំណើរការល្អបាន អ្នកមិនត្រូវប្រឡែងគ្នាពេលកំពុងរៀននោះទេ ព្រោះនាំឱ្យរំខានដល់ការសិក្សា ។ បញ្ហាសុខភាពមិនល្អ ឬថ្នាក់រៀនមិនស្អាត វាក៏ជាកត្តាមួយធ្វើឱ្យរាំងស្ទះដល់ការសិក្សាដែរ ។ ដូចនេះកត្តាដែលរំខាន ឬរារាំងដល់ការសិក្សា អាចបណ្តាលមកពីធម្មជាតិ សុខភាព បរិស្ថាន និងមនុស្សផងដែរ ។
តើអ្នកត្រូវសិក្សាដូចម្តេចដើម្បីទទួលបានលទ្ធផលល្អ ?

ដំបូងត្រូវស្រង់គំនិតសំខាន់ៗតាមលំដាប់លំដោយខ្លឹមសារ ។ បន្ទាប់មកត្រូវបកស្រាយខ្លឹមសារសំខាន់ៗនោះដោយមិនទន្ទេញឱ្យចាំមាត់ទេ តែត្រូវយល់និងចាំខ្លឹមសារ ។ ការរៀនបែបនេះ ខ្ញុំអាចយល់និងចេះមេរៀនបានល្អពិតប្រាកដ ។
តើចំណេះវិជ្ជាទទួលបានជោគជ័យដោយសារអ្វី ?

កុមារគ្រប់រូប ត្រូវខិតខំអាន សរសេរ គណនាលេខនព្វន្តឱ្យបានច្បាស់លាស់នោះនឹងនាំឱ្យខ្លួនក្លាយជាជនសម្រេចជោគជ័យក្នុងគោលដៅសិក្សារបស់ខ្លួន ។
ដើម្បីក្លាយជាកុមារបីល្អបាន លុះត្រាណាតែមានចំណេះវិជ្ជា និងត្រូវមានឥរិយាបថសុភាពរាបសារ ចេះគោរពសិទ្ធិគ្នាទៅវិញទៅមក ស្មោះត្រង់ និងចេះជួយគ្នា ។
គោលដៅទាំងអស់នេះយើងត្រូវចាប់ផ្តើមអនុវត្តចាប់ពីពេលនេះរហូតទៅ ។
ការគ្រប់គ្រងថ្នាក់រៀន

ក្រោមការដឹកនាំ និងការគ្រប់គ្រងរបស់គណៈកម្មការថ្នាក់ សិស្សទាំងអស់ត្រូវចូលរួម និងសហការធ្វើកិច្ចការទាំងអស់គ្នា ទើបដំណើរការសិក្សា និងការគ្រប់គ្រងសម្រេចគោលដៅបានជោគជួយ ។
ការសម្រេចគោលដៅក្នុងការសិក្សារបស់មនុស្សដែលខ្ញុំធ្លាប់ស្គាល់

រៀងរាល់ព្រឹកកល្យានភ្ញាក់ពីព្រលឹម ។ នាងរៀបចំបត់មុងភួយ មូរកន្ទេលនិងទុកដាក់ឱ្យមានរបៀបរួចនាងហាត់ប្រាណ ងួតទឹកនិងមើលមេរៀនសាជាថ្មីឡើងវិញ ។ នាងបានប្រាប់ថា " បានជាខ្ញុំក្រោកពីព្រលឹម ព្រោះខ្ញុំត្រូវ មើលមេរៀនសាជាថ្មី ។ កិច្ចការនេះត្រូវធ្វើរាល់ថ្ងៃទើបធ្វើឱ្យខ្ញុំចេះមេរៀនបានល្អ​ ។"
មេរៀនសង្ខេប

ការកំណត់គោលដៅនៅក្នុងការសិក្សា ជាការសិក្សាបែបជឿនលឿនព្រោះយើងបានគិតទុកមុនរាល់សកម្មភាពដែលនឹងត្រូវសិក្សា ដើម្បីឱ្យយើងទទួលបាននូវចំណេះដឹង ចំណេះធ្វើពិតប្រាកដ ។ ការសម្រេចគោលដៅការសិក្សាបានក៏ត្រូវមានការតាំងចិត្តឱ្យបានមុតមាំជាមួយផងដែរ ។

សំណួរ

ក. ចូរឆ្លើយនិងសំណួរខាងក្រោម ។
  1. ថ្ងៃនេះអ្នកបានសិក្សាអ្វីខ្លះ ?
  2. តើការសិក្សានោះត្រូវប្រើរយះពេលប៉ុន្មានម៉ោង ?
  3. តើការសិក្សានោះធ្វើឱ្យអ្នកចេះអ្វីខ្លះ ? ហេតុអ្វី ? មិនទាន់ចេះអ្វី ?
  4. តើអ្នកត្រូវធ្វើដូចម្តេចបន្តទៀត ?
ខ. ចូរជ្រើសរើសចំលើយដែលត្រឹមត្រូវ ។
តើសកម្មភាពណាខ្លះដែលបង្ហាញពីការសិក្សានៅក្មុងថ្នាក់រៀនបានល្អ​ ?
គ. ចូរសរសេរបង្ហាញពីរបៀបធ្វើកិច្ចការណាមួយ ដែលអ្នកទទួលបានជោគជ័យ ។