មេរៀនទី១៖ ការកំណត់គោលដៅប្រកបដោយជោគជ័យ

គោលដៅជាអ្វី?

គោលដៅ គឺជាចំណុច ឬ ជាកន្លែងមួយដែលបានកំណត់ទុកជាមុនសម្រាប់ឱ្យ មនុស្សធ្វើដំណើរទៅដល់ ឬធ្វើកិច្ចការឱ្យបានសម្រេចលទ្ធផលល្អ ។ ការកំណត់គោលដៅ គឺជាការរៀបចំផែនការសម្រាប់អនុវត្តក្នុងដំណើរសកម្មភាពអ្វីមួយ ។
ការចេះកំណត់គោលដៅនិងតស៊ូព្យាយាមក្នុងការងារ ជាកត្តានាំឱ្យសម្រេចបំណងប្រាថ្នា និងនាំឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញ ។ គោលដៅមានរយៈពេលខ្លី ឬវែងតាមការកំណត់ទុកដ៏ជាក់លាក់របស់អ្នកដែលបានដៅទុក ។ ទង្វើដែលមានការកំណត់គោលដៅច្បាស់លាស់នាំឱ្យអ្នកធ្វើទទួលជោគជ័យក្នុងជីវិត។
តើអ្នកមានគោលដៅអ្វីខ្លះក្នុងពេលនេះ ?

មនុស្សគ្រប់រូបមានគោលដៅមិនដូចគ្នាទេ ហើយគោលដៅនោះមានរយះពេលវែង ឫខ្លីអាស្រ័យតាមតម្រូវការគោលដៅរបស់បុគ្គលម្នាក់ៗ ។​ អ្នកខ្លះកំណត់ថា ត្រូវរៀនឱ្យបានពិន្ទុល្អ ត្រូវរៀបចំផ្ទះឱ្យបានស្អាតរាល់ថ្ងៃ ត្រួវគោរពមាតាបិតា ជីដូនជីតាជាដើម ។
តើយើងត្រូវធ្វើដូចម្តេចដើម្បីឱ្យគោលដៅទទួលបានជោគជ័យ ?

គោលដៅទទួលបានជោគជ័យអាស្រ័យលើឆន្ទះក្នុងការអនុវត្តនិងការព្យាយាមខ្ពស់ចំពោះការងាររបស់យើង ។
ដូចនេះ ដើម្បីជួយខ្លួនឯង ជួយមិត្ត ជួយសាលា ជួយគ្រួសារ និងជួយសង្គមឱ្យរីកចម្រើននោះ យើងត្រូវមានគោលដៅច្បាស់លាស់ និងព្យាយាមតស៊ូក្នុងការធ្វើអ្វីមួយជាការចាំបាច់ ។
តើឧបសគ្គជាអ្វី ?

ឧបសគ្គ គឺជាហេតុការណ៌ ឫបញ្ហាដែលធ្វើឱ្យគោលដៅមិនបានសម្រេច ។ ឧបសគ្គអាចកើតមានឡើងពីកត្តាធម្មជាតិ ឫកត្តាមនុស្សជាអ្នកបង្កឡើង ។
តើអ្នកធ្លាប់ជួបឧបសគ្គអ្វីខ្លះ ?

នៅសប្តាហ៌នេះ ខ្ញុំខកខានក្នុងការទៅសួរសុខទុក្ខជីដូន ព្រោះពេលធ្វើដំណើរតាមផ្លូវកង់ខ្ញុំត្រួវខូច ។
ខ្ញុំមិនអាចលេងលោតអន្ទាក់ដូចមិត្តភក្តិកើតទេ ព្រោះជើងខ្ញុំពិការ ។
អីយ៉ា ! ខ្យល់បក់ខ្លាំងណាស់ហើយនាំសំរាមស្លឹកឈើមកច្រើនទៀត ។ ខ្ញុំមិនអាចបោសសម្អាតទីធ្លានៅពេលនេះបានទៀតឡើយ ។
តើអ្នកបានជម្នះលើឧបសគ្គដូចម្តេចខ្លះ ?

ឧបសគ្គកើតមានឡើងគ្រប់ពេល វាជាស្រមោលអន្ទោលតាមគោលដៅយើងជានិច្ច ។​ យើងឈ្នះឧបសគ្គបាន អាស្រ័យដោយឆន្ទះរបស់យើងផ្ទាល់ក្នុងការយកចិត្តទុកដាក់ព្យាយាមធ្វើការ ។ ការឈ្នះលើឧបសគ្គ ជាកត្តានាំមកនូវការសម្រេចគោលដៅដែលធ្វើឱ្យយើងមានកេរ្តិឈ្មោះល្បីរន្ទឺ ។
របៀបរៀបចំផែនការ
តើយើងត្រូវធ្វើផែនការដូចម្តេច ដើម្បីរៀបចំគោលដៅឱ្យទទួលបានជោគជ័យ ?


ដើម្បីធ្វើឱ្យគោលដៅទទួលបានជោគជ័យ យើងត្រូវធ្វើផែនការដោយកំណត់ឈ្មោះគោលដៅ កំណត់ពេលសម្រាប់អនុវត្តរៀបចំយុទ្ទវិធីជម្នះឧបសគ្គនិងអនុវត្តទៅតាមសកម្មភាពលំដាប់លំដោយក្នុងផែនការ ។
ការសម្រេចផែនការ

កាលពីសប្តាហ៌មុនអ្នកបានរួមគ្នារៀបចំធ្វើតារាងឈ្មោះសម្រាប់វេនបោសសម្អាតថ្នាក់រៀន ។ ដូចនេះ សូមប្រធានក្រុមការងារធ្វើការរាយការណ៌ពីលទ្ធផលការងារទាំងនោះឱ្យមិត្តរួមថ្នាក់បានដឹង និងអនុវត្តតាមផែនការនោះផង ។
ខ្ញុំសូមគោរពអ្នកគ្រួ! សួស្តីមិត្តទាំងអស់គ្នា! ខ្មុំសូមរាយការណ៌ពីលទ្ធផលនៃការរៀបចំធ្វើតារាងវេនសម្អាតថ្នាក់រៀនដែលមានការចូលរួមជួយផ្តល់យោបល់ពិអ្នកគ្រួ ។
លទ្ធផលការងាររបស់ពួកយើងទទួលបានតារាងមួយដែលមានកំណត់ឈ្មោះអ្នកសម្អាតថ្នាក់ចំនួន 5 នាក់​ តាមវេននីមួយៗ គិតចាប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៌ ។ ក្នុងនោះមានអ្នកបោសកម្រាល អ្នកជូតក្តាខៀន និងអ្នករៀបចំទឹកសម្រាប់លាងសម្អាតដៃ ។
សូមមិត្តទាំងអស់នាំគ្នាមើលឈ្មោះក្នុងតារាងកាលវិភាគដែលបិទនៅខាងមុខនេះ ហើយរួមគ្នាអនុវត្តពីថ្ងៃស្អែកតទៅ ។
សូមអរគុណអ្នកគ្រូ សូមអរគុណមិត្តរួមថ្នាក់ទាំងអស់គ្នា ។
មេរៀនសង្ខេប

ការធ្វើសកម្មភាពតាមផែនការកំណត់ទុកបានត្រឹមត្រូវនឹងនាំឱ្យគោលដៅបានសម្រេចជោគជ័យ ។ ភាពជោគជ័យ ជាកត្តាដ៏អស្ចារ្យដែលជំរុញយើងឱ្យក្លាយជាកូនឆ្លាត សិស្សពូកែ មិត្តល្អ និងពលរដ្ឋថ្លៃថ្នូ ។ ដូចនេះ យើងទាំងអស់គ្នាត្រួវមានការកំណត់គោលដៅក្នុង ទង្វើរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីរួមចំណែកជួយគ្រួសារ សង្គមឱ្យអភិវខ្ឍដូចប្រទេសរីកចម្រើននៅលើពិភពលោក ។

សំណួរ

ចូរបង្ហាញពីការអនុវត្តគោលដៅរបស់ខ្លួនកន្លងមកតាមរយះសំណួរខាងក្រោម ។
  1. តើអ្នកមានគោលដៅអ្វី ?
  2. តើអ្នកបានធ្វើសកម្មភាពអ្វីខ្លះ ដើម្បីឱ្យគោលដៅនោះបានសម្រេច ?
  3. សកម្មភាពនោះអនុវត្តនៅពេលណា ? ទទួលបានលទ្ធផលអ្វីខ្លះ ?
  4. តើអ្នកមានផែនការអ្វីបន្តទៀត ?