មេរៀនទី៤ ឥរិយាបថនិងតម្លៃ

អ្នកមានឥរិយាបថល្អ នាំឱ្យរស់នៅមានរបៀរៀបរយ និងត្រូវបានគេគោរព ស្រលាញ់រាប់អាន ។ តើអ្នកធ្វើដូចម្តេច ដើម្បីក្លាយជាសិស្សមានឥរិយាបថល្អនិងមានតម្លៃ ?
1. ការគោរពឱនលំទោន

ការគោរពឱនលំទោនជាកាយវិការបញ្ជាក់ពីឥរិយាបថមានតម្លៃសីលធម៍សុភាវធម៍របស់មនុស្សដែលមានការអប់រំល្អ ។ កាយវិការទាំងនោះមានដូចជា ការសំពះ ជម្រាបសួរជម្រាបលា ការសំពះព្រះសង្ឃ ការចាប់ដៃអរគុណ​ ការបម្រើអ្នកមានគុណ ការមិនរំខានគ្នានិងការជួយគ្នាជាដើម ។ ទង្វើទាំងនេះជាដំបូន្មានដែលនាំឱ្យយើងចៀសវាងពី អំពើមិនគប្បី ហើយនាំយើងឱ្យប្រព្រឹតអំពើល្អ ។
ដូចនេះកាយវិការគោរពឱនលំទោនត្រូវអនុវត្តជាប្រចាំក្នុងជីវភាពរស់នៅ ព្រោះជាទម្លាប់មានតម្លៃល្អក្នុងការរស់នៅនិងជាកត្តាមួយដែលបណ្តុះទឹកចិត្តឱ្យស្រលាញ់រាប់អានគ្នាដោយសុទ្ធចិត្ត និងរស់នៅជាមួយគ្នាដោយសុខសាន្ត ។
ក. ការគោរព បម្រើជីដូនជីតា និងមាតាបិតារបស់យើង

កាយវិការគោរពជីដូនជីតា ម្តាយឪពុក ជាតម្លៃដ៏សំខាន់សម្រាប់កូនចៅផៅសន្តានបញ្ជាក់ភាពស្មោះត្រង់ហើយសំដែងឱ្យឃើញនូវទឹកចិត្តតបស្នងទៅនិងអ្នកដែល បានផ្តល់ជីវិត និងជាអ្នកបីបាច់ថែរក្សាស្រលាញ់ប្រោសប្រណីដល់ខ្លួន ។ ក្នុងការគោរពបម្រើលោកអ្នកមានគុណ កូនចៅត្រូវគោរពនិងស្តាប់ដំបូន្មានល្អៗ ឬជួយសម្រាលការងារខ្លះៗរបស់លោក ។ មុនពេលចេញទៅណា កូនចៅត្រូវជម្រាប ឬសុំអនុញ្ញាតពីលោកជាមុន ដោយបង្ហាញហេតុផលនិងផលប្រយោជន៍នៃកិច្ចការនោះ ។
ការគោរពការបម្រើជីដូនជីតា ម្តាយឳពុករបស់យើងធ្វើឱ្យគ្រួសារសប្បាយរីករាយនិងមានសុភមង្គល ។ ដូចនេះ ការគោរពជាទង្វើមួយដែលយើងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ទើបក្លាយជាកូនល្អនិងពលរដ្ឋថ្លៃថ្នូរ ។
ខ. ការគោរពគ្រូ

សិស្សត្រូវស្រឡាញ់គោរពគ្រូ​ ដោយនិយាយសំដីទន់ភ្លន់និងប្រើពាក្យគួរសមជានិច្ច ។ ពេលចូលរៀនសិស្សត្រូវក្រោកឈរដោយរក្សាដងខ្លួនសមរម្យ និងលើកដៃទាំងពីរសំពះគ្រូ ។ ពេលមករៀនយឺតត្រូវសុំអនុញ្ញាតចូលរៀនពីគ្រូជាមុន ។ បើគ្រូនិយាយត្រូវប្រុងស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រាចំណុចសំខាន់ៗ​ ។ ការសំដែងកាយវិការគោរព សំពះ ចេះប្រើវាចាពីរោះ និងមានទឹកមុខសមរម្យ គឺជាតម្លៃរបស់សិស្សគ្រប់រូបដែលត្រូវមានជាប្រចាំ ទើបជាគំរូល្អ ។
​ តើអ្នកបានគោរពគ្រូរបស់អ្នកដូចម្តេចខ្លះ​​ ? ចូរបង្ហាញពីកាយវិការនិងពាក្យសំដីដែលអ្នកធ្លាប់អនុវត្ត ។
គ. ការគោរពចំពោះព្រឹទ្ធាចារ្យ

ចាស់ព្រឹទ្ធាចារ្យជាចាស់ទុំ ដែលមានបទពិសោធន៍ល្អៗនៅក្នុងជិវិតនិងចេះដឹងរឿងរ៉ាវច្រើននៅក្នុងសង្គម ។ លោកអាចប្រៀនប្រដៅកូនចៅឱ្យប្រព្រឹត្តអំពើល្អនិងមានចិត្ត មេត្តាអត់ឱនឱ្យគ្នាទៅវិញទៅមក ។
យើងត្រូវគោរពស្រលាញ់ ឱនលំទោនជួយធុរៈគាត់គ្រប់បែបយ៉ាង ដូចជាជួយដឹកដៃ កាន់របស់ធ្ងន់ ផ្ទេរកន្លែងជូនគាត់នៅតាមរថយន្តឈ្នួល ឬកន្លែងចង្អៀតជាដើម ។
ចូរបង្ហាញពីកាយវិការគោរពចាស់ព្រឹទ្ធាចារ្យដែលអ្នកធ្លាប់អនុវត្តបម្រាប់ធ្វើជាគំរុដល់មិត្តរួមថ្នាក់ ។
2. សុជីវធម៌

ក. សុជីវធម៌ចំពោះជនបរទេស

អ្នកប្រទេសដទៃចូលមកបំពេញកិច្ចការផ្សេងៗ មកលេងកម្សាន្តជាទេសចរណ៍ ឬចូលកមរស់នៅក្នុងប្រទេសយើងតាមច្បា់អន្តោប្រវេសន៍ហៅថាជនបរទេស ។ បែបបទសុជីវធម៌ យើងត្រូវមានអាកប្បកិរិយាសមរម្យ សំដីទន់ភ្លន់សុភាពរាបសារ រាក់ទាក់ចំពោះជនបរទេសឱ្យដូចជនជាតិយើងដែរ ។ បើជនបរទេសចង់ដឹងពីផ្លូវ អាសយដ្ឋានទីកន្លែងផ្សេងៗ យើងត្រូវជួយផ្តល់ដំណឹងដោយរីករាយតាមលទ្ធភាព ។
យើងត្រូវចេះជួយយកអាសាជនបរទេសនៅកន្លែងណាមួយ តើពេលនោះអ្នកត្រូវធ្វើដូចម្តេចខ្លះដើម្បីបង្ហាញថា អ្នកមានសុជីវធម៌ជាមួយពួកគេ ?
ខ. សុជីវធម៌នៅទីសាធារណៈ

នៅតាមរថយន្តឈ្នួល តាមរោងមហោស្រព ក្នុងវត្តអារាមជាទីកន្លែងសាធារណៈ ។ នៅកន្លែងទាំងនេះ យើងគ្រប់គ្នាត្រូវរៀបចំឥរិយាបថឱកយបានសមរម្យគឺគោរពនិងផ្តល់សិទ្ធិឱ្យគ្នាទៅវិញទៅមក និង អនុវត្តតាមបម្រាមជានិច្ច ។
ពេលធ្វើដំណើរតាមរថយន្តឈ្នូលយើងត្រូវចេះគោរពសិទ្ធិអ្នកដទៃនិងប្រកាន់អកប្បកិរិយាថ្លៃថ្នូរ ។ នៅតាមសធារណៈ អ្នកមិនត្រូវជជែកគ្នាខ្លាំងៗឬខាកស្តោះញើសសំបោរ ចោលសំបកនំ ចំណីអាហារតាមផ្លូវ ឬបោះចេញតាមបង្អួចឡានឡើយព្រោះវាប៉ះពាល់បរិស្ថាននិងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងៗទៀត ។ បើមានចាស់ជរាជនពិការ ស្ត្រីមានផ្ទៃពោះ យើងគប្បិផ្ទេរ ឬជួយសម្រួលកន្លែងអង្គុយជូនគាត់ដោយញញឹម ។
ក្នុងរោងហោស្រពត្រូវអង្គុយឱ្យបានសមរម្យ រក្សាភាពស្ងៀមស្ងាត់ និងចូលរួមទះដៃអបអរសាទរចំពោះអ្នកសំដែងតាមបែបបទនៃខ្លឹមសារ ។ យើងគ្រប់គ្នាមិនត្រូវទម្លាប់ហៅសល្បករថា " អា មីង មីហង " ឡើយ ។
វត្តអារាមជាកន្លែងគោរពបូជាសម្រាប់ សង្រួមកាយ វាចា ចិត្តនៃពុទ្ធសាសនិកជនទូទៅ ។ ដូចនេះយើងមិនត្រូវជិះកង់ ម៉ូតូ ពាក់មួក បេះបោចផ្កា ផ្លែឈើ បាញ់សត្វ ផឹកស្រា ឬលួចទ្រព្យសម្បត្តិផ្សេងៗឡើយ ។
គ. ឥរិយាបថគួរចៀសវាង

ការរស់នៅជាមួយគ្នា បើយើងមិនប្រុងស្មារតីមិនបានគិតនោះ ខ្លួនយើងនិងក្លាយទៅជាជនរំខានអ្នកដទៃ ។ កាយវិការដែលនាំឱ្យរំខានដល់ផ្លួវកាយអ្នកដទៃ រួមមាន ដូចជាការឈរបាំងគេ ធ្វើឫកក្រអឺតក្រទមដាក់គេ ចូលចិត្តអង្គុប្រជ្រៀតនឹងគេនិយាយជំទាស់នឹងគេដោយគ្មានហេតុផល ឈ្លោះ ច្រណែននិន្ទា មានបំណងចង់ឱ្យគេអន់ជាងខ្លួន មិនព្រមស្តាប់ ឬរំលែកយោបល់ពីមិត្តភក្តិដែលនាំឱ្យគេពិបាក​ ឬមិនអាចទទួលយកបាន ។ កាយវិការដែលនាំឱ្យរំខានដល់ផ្លូវចិត្តគេមានដូចជា ការស្រែកឡូឡា និយាយពាក្យចំអាសចំអូង ប្រើសំដីទ្រគោះបោះបោកដែលនាំឱ្យគេខឹង ឬអាក់អន់ចិត្ត ។
តង្វើខាងលើនេះ មនុស្សទូទៅមិនចូលចិត្តនិងមិនគាំទ្រឡើយ ហើយគេក៏មិនឱ្យតម្លៃថាជាពលរដ្ឋល្អក្នុងសង្គមឡើយ ។ ដូចនេះកុមារគ្រប់ៗរូបត្រូវខិតខំចៀសវាងឱ្យបាន ព្រោះវាជាឥរិយាបថមិនល្អ ។
មេរៀនសង្ខេប

ការប្រកាន់នូវឥរិយាបថល្អត្រឹមត្រូវនិងនាំឱ្យយើងមានតម្លៃសម្រាប់ខ្លួន គ្រួសារនិងសង្គម ។ សង្គមកាន់តែរីកចម្រើន អារ្យធម៌កាន់តែខ្ពស់ ហើយសុភាវធម៌ក៏កាន់តែចម្រើនដែរ ។ ការប្រកាន់យកនូវឥរិយាបថល្អប្រពៃនឹងនាំឱ្យយើងមានមិត្តភក្កិច្រើន មានកេរ្តិ៍ឈ្មោះ និងមានកិត្តិយសថ្លៃថ្នូរ ។
ដូចនេះ យើងត្រូវប្រកាន់យកអាកប្បកិរិយាគោរពឱនលំទោនទាំងកាយ វាចាចិត្ត ចំពោះមនុស្សដែលនៅជុំវិញខ្លួនជានិច្ច ។

សំណួរ

ក. ចូរឆ្លើយនឹងសំណួរខាងក្រោម ។
ខ. ចូរគូសវង់ជុំវិញលេខណាដែលបង្ហាញពីឥរិយាបថល្អដែលអ្នកធ្លាប់អនុវត្ត