ជំងឺគ្រុនឈាមនិងគ្រុនចាញ់

តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសស្រ្តបានបង្ហាញថា ជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ជាប្រភេទជំងឺ ដែលកើតឡើងដោយសារមួស ។ ជំងឺទាំងពីរនេះ អាចបណ្តាលឱ្យមានគ្រោះថ្នាក់បំផុតប្រសិនបើព្យាបាលមិនទាន់ពេល ។
ដូចនេះ យើងទាំងអស់គ្នា គប្បីស្វែងយល់អំពីជំងឺទាំងពីរនេះឱ្យបានច្បាស់លាស់ ។

1. វដ្តជីវិតនៃសត្វមូស

មូសពេញវ័យអាចមានជីវិតពី 4 សប្តាហ៍ ទៅ 3 ខែ ។ មូសឈ្មោលមានមាឌតូចជាងមូសញី ។ មូសញីត្រូវការឈាមដើម្បីចិញ្ចឹមពងរបស់វា ។ មូសញីអាចពងនៅគ្រប់ទីកន្លែងទាំងអស់ ។ វាពង 100 ទៅ 300 ពង ក្នុងរយៈពេល 2 ទៅ​ 3 សប្តាហ៍ ។ មូសអាចផ្លាស់ទីបានពី 100 ទៅ 200 ម៉ែត្រ ។
image 1

ពងមូសអាចមានជីវិតធន់នឹងភាពរាំងស្ងួតបានច្រើនខែ ។ វាអាចញាស់បានតែនៅក្នុងទឹកនឹង ដូចជាថ្លុក ទឹកដក់ក្នុងសម្បកសម្ភារៈផ្សេងៗ ទឹកពាង... ។ ពងមូសញាស់បានជាដង្កូវទឹក ។ ក្នុងកំឡុង 7 ថ្ងៃដង្កូវ ទឹកធ្វើការវិវត្តជា 4 ដំណាក់ ដើម្បីខ្លាយជាដឹកដឿ ។
ដឹកដឿអាចមានជីវិតរស់នៅក្នុងទឹករយៈពេល 2 ទៅ 3 ថ្ងៃ ទើបវិវត្តទៅជាមូស ។ មូសដែលទើបនឹងញាស់ត្រូវរស់នៅលើផ្ទៃទឹករយៈពេល 1 ម៉ោង ដើម្បីឱ្យស្លាបរបស់េវាស្ងួតនិងហើរបាន ។

2. ជំងឺគ្រុនឈាម

ជំងឺគ្រុនឈាមជាជំងឺមួយដែលមានគ្រោះថ្នាក់បំផុត ។ នៅប្រទេសកម្ពុជាជំងឺគ្រុនឈាមបានរាតត្បាតយ៉ាងខ្លាំងក្លា ធ្វើឱ្យអត្រានៃការឈឺនិងស្លាប់របស់កុមារកើនឡើង ។ ជំងឺគ្រុនឈាមជាជំងឺដឺលបណ្តាលមកពីវីរុសដង់ ។ ជំងឺគ្រុនឈាមច្រើនកើតចំពោះកុមារអាយុក្រោម 17 ឆ្នាំ ។

ក. រោគសញ្ញា

ជំងឺគ្រុនឈាមមានរោគសញ្ញាដូចជា
  • គ្រុនក្តៅខ្លាំង (ពី 39 អង្សាសេ​ ទៅ 40 អង្សាសេ​) រយៈពេលពី 5 ទៅ 7 ថ្ងៃ
  • ឡេះឡះ រវើរវាយ
  • ឈឺក្បាល ឬឈឺសន្លាក់ឆ្អឹង ឬឈឺសាច់ដុំ
  • មិនឃ្លានអាហារ ក្អួតចង្អោរ
  • មានកន្ទួលក្រហមតូចៗលើស្បែកដូចមូសខាំ
  • មុខ ឬភ្នែកឡើងក្រហម
  • ឈាមហូរចេញតាមច្រមុះ ឬតាមអញ្ចាញធ្មេញ ក្អួតឈាមនិងលមកពណ៌ខ្មៅ(ជាករណីធ្ងន់ធ្ងរ)
  • ខ. ភ្នាក់ងារចម្លង

    ជំងឺគ្រុនឈាមឆ្លងពីមនុស្សម្នាក់ទៅ​មនុស្សម្នាក់តាមរយៈមូសខ្លាញី ដែលមានផ្ទុកវីរូស " ដង់ " ហើយខាំនៅពេលថ្ងៃ ។
    មូសខ្លាញីមានផ្ទុកវីរូសដង់ ដោយសារវាខាំមនុស្ស ដែលមានជំងឺគ្រុនឈាម ។ មូសខ្លាញី ទើបកើត ឬទើបពេញវ័យពុំមានផ្ទុកមេរោគនេះទេ ។

    គ. វិធីបង្ការ

    ដើម្បីជៀសវាងកុំឱ្យកើតជំងឺគ្រុនឈាម យើងគប្បី
  • ដេកក្នុងមុង បំផ្លាញជម្រកមូស (កាប់ព្រៃ លុបបំបាត់ថ្លុក កប់កាកសំណល់ ឬវត្ថុដែលអាចដក់ទឹកផ្សេងៗ​ (សម្បកដូង សម្បកកំប៉ុង ...)) ។
  • បំបាត់ដង្កូវទឹកក្នុងអាងទឹក ឬពាងទឹក ដោយចិញ្ចឹមត្រី ... ។ ពាងឬអាងទឹកត្រូវគ្របឱ្យជិត និងដាក់ថ្នាំអាលបែតក្នុងពាង ឬអាងទឹក ។
  • ការពារសត្វប្រចៀវ និងសត្វកន្ទុំរុយឱ្យនៅគង់វង្ស ព្រោះវាជាភ្នាក់ងារជួយកម្ចាត់មូសចង្រៃ ។
  • គ. វិធីព្យាបាល

    នៅពេលកុមារកើតជំងឺគ្រុនឈាមយើង
  • ត្រូវដណ្តប់កុមារនឹងកន្សែង ឬក្រមាសើមនៅពេលកុមារក្តៅខ្លួន
  • ត្រូវប្រើថ្នាំប៉ារ៉ាសេតាម៉ុលតាមវេជ្ជបញ្ជា
  • ត្រូវនាំអ្នកជំងឺទៅមន្ទីពេទ្យជាបន្ទាន់
  • មិនត្រូវប្រើថ្នាំអាស្ពីរីន
  • 3. ជំងឺគ្រុនចាញ់

    ជំងឺគ្រុនចាញ់អាចកើតមានលើមនុស្សគ្រប់វ័យ ។ អាត្រានៃជំងឺនេះកើនខ្ពស់នៅរដូវវស្សាចន្លោះពីខែឧសភាដល់ខែកញ្ញា ពិសេសនៅតាមបណ្តាខេត្តមួយចំនួនដែលនៅជាប់តំបន់ព្រៃភ្នំ តំបន់ខ្ពង់រាបនិងតំបន់មាត់សមុទ្រ ។​ ជំងឺគ្រុនចាញ់ជាជំងឺ ដែលបង្កឡើងដោយមេរោគ អេម៉ាតូសូអ៊ែរ

    ក. រោគសញ្ញា

    រោគសញ្ញាជំងឺគ្រុនចាញ់មានពីរកម្រិត គឺកម្រិតស្រាលនិងកម្រិតធ្ងាន់ ។
  • រោគសញ្ញាជំងឺគ្រុនចាញ់កម្រិតស្រាល
  • ដំណាក់កាលទី 1 ៈ អ្នកជំងឺគ្រុនស្រៀវស្រាញ ឈឺក្បាល រងា ឬញាក់រយៈពេលពី 15 នាទីទៅ 1 ម៉ោង
  • ដំណាក់កាលទី 2 ៈ អ្នកជំងឺគ្រុនក្តៅពី 39 ទៅ 40 អង្សាសេ​ ហើយអូសបន្លាយពេលពី 3 ទៅ 4 ម៉ោង អស់កម្លាំង មានស្បែក្រហម រវើរវាយជាច្រើនម៉ោង
  • ដំណាក់កាលទី 3 ៈ អ្នកជំងឺបែកញើសដូចមុជទឹក កម្តៅចុះថយ ឈឺក្បាល អស់កម្លាំង ។
  • រោគសញ្ញាជំងឺគ្រុនចាញ់កម្រិតធ្ងន់
  • អ្នកជំងឺប្រកាច់បាត់ស្មារតី ងងុយដេក រវើរវាយ ក្អួត មិនឃ្លានបាយទឹក រាកញឹកញាប់ កើតលឿង ដង្ហក់ ស្លេកស្លាំង នោមតិច ទឹលនោមពណ៌ដូចទឹកតែចាស់ឬមិននោមតែម្តង ។​

    ខ. ភ្នាក់ងារចម្លង

    អ្នកជំងឺឆ្លងពីមនុស្សម្នាក់ទៅម្នាក់តាមរយៈមូសដែកគោលញីដែលមានផ្ទុកមេរោគអេម៉ាតូសូអ៊ែ ។ វាចូលចិត្តខាំនៅពេលរសៀលចាប់ពីម៉ោង 4 ល្ងាចរហូតដល់ម៉ោង 7 ព្រឹក ។
    មូសដែកគោលញីមានផ្ទុកមេរោគអេម៉ាតូសូអ៊ែ ដោយសារវាខាំមនុស្សដែលមានជំងឺគ្រុនចាញ់ព្រោះមូសដែកគោលញី ទើបកើត ឬទើបពេញវ័យ ពុំមានមេរោគនេះទេ ។

    គ. វិធីបង្ការ

    ដើម្បីចៀសវាងការកើតជំងឺគ្រុនចាញ់យើងទាំងអស់គ្នា
  • ត្រូវដេកក្នុងមុង បំផ្លាញជម្រកមូស បំផ្លាញដង្កូវទឹកដែលមាននៅក្នុងអាងទឹក ឬពាងទឹកដោយចិញ្ចឹមត្រី ឬ​...
  • ពាង ឬអាងទឹកត្រូវមានគម្របត្រឹមត្រូវឬដាក់ថ្នាំអាលបែតក្នុងពាង ឬអាងទឹក ។
  • ឃ. វិធីព្យាបាល

    នៅពេលមានមនុស្សកើតជំងឺគ្រុនចាញ់យើង
  • ជូតខ្លួនឱ្យអ្នកជំងឺ ឬងូតទឹកក្តៅឧណ្ហៗ
  • មិនត្រូវឱ្យអ្នកជំងឺដណ្តប់កន្សែង ឬក្រមា ឬភួយទេ
  • ត្រូវនាំអ្នកជំងឺទៅមន្ទីពេទ្យ
  • ត្រូវឱ្យថ្នាំគីនីន ម៉ាឡារីន ... ឱ្យត្រឹមត្រូវតាមវេជ្ជបញ្ជា
  • មេរៀនសង្ខេប

  • ជំងឺគ្រុនឈាមជាជំងឺច្រើនកើតចំពោះកុមារ ។ រីឯជំងឺគ្រុនចាញ់ជាជំងឺដែលកើតចំពោះមនុស្សគ្រប់វ័យ ។ ជំងឺទាំងពីរនេះកើតឡើងដោយសារមូសខាំ (ជំងឺគ្រុនឈាមបណ្តាលមកពីមូសខ្លាញី រីឯជំងឺគ្រុនចាញ់ បណ្តាលមកពីមូសដែកគោលញី) ។
  • មេរោគជំងឺគ្រុនឈាមឈ្មោះ "ដង់" ចំណែកមេរោគជំងឺគ្រុនចាញ់ឈ្មោះ "អេម៉ាតូសូអ៊ែរ"
  • ដើម្បីចៀសវាងជំងឺទាំងពីរនេះ យើងត្រូវដេកក្នុងមុង ពិសេសត្រូវបំផ្លាញជម្រក និងកន្លែងបន្តពូជរបស់េវា ។
  • សំណួរ

    ក. ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ ?
    ខ. ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ ។
    ការងារស្រាវជ្រាវ