មេរៀនទី៦ ភ្នែក

មនុស្សគ្រប់រូបមានវិញ្ញាណប្រាំ​ ។ ភ្នែកជាវិញ្ញាណមួយក្នុងចំណោមវិញ្ញាណទាំងប្រាំនោះ ។ មនុស្សអាចមើលអ្វីៗឃើញដោយសារភ្នែក ។ ដូចនេះយើងត្រូវយល់ដឹងអំពីៈ

1. រូបផ្តុំភ្នែក

image 1
  • ផ្នែកក្រៅនៃភ្នែកមាន ចិញ្ចើម ត្របកភ្នែកលើ ត្របកភ្នែកក្រោម និងរោមភ្នែក ។
  • ផ្នែកខាងក្នុងនៃភ្នែកមានគ្រាប់ភ្នែកដែលមាន រន្ធប្រស្រី កែវភ្នែក ប្រស្រីខ្មៅ រេទីន និងចក្ខុប្រសាទ ។
  • 2. នាទីរបស់ភ្នែក

    ភ្នែកមាននាទីសម្រាប់មើល ។ យើងអាចឃើញវត្ថុអ្វីមួយ នៅពេលរូបនៃវត្ថុនោះចូលតាមរន្ធប្រស្រីឆ្លងតាមកែវភ្នែក ។ រូបនោះទៅប៉ះនឹងរេទីន ហើយបញ្ជូនទៅដល់ខួរក្បាលតាមចក្ខុប្រសាទ ។ ដោយភ្នែកមានសរសៃប្រសាទគេហៅភ្នែកថា ចក្ខុវិញ្ញាណ ។ ចំណែកចិញ្ចើម ត្របកភ្នែកលើ ត្របកភ្នែកក្រោម និងរោមភ្នែកមាននាទីសម្រាប់ជួយការពារគ្រាប់ភ្នែក ។
    image 2
    image 3

    ពេលខ្លះភ្នែកក៏អាចមើលឃើញច្រឡំដែរ ដូចក្នុងករណីខាងលើ យើងឃើញថាគម្លាតនៃបន្ទាត់ទាំង 4 មានប្រវែងស្មើៗគ្នា ប៉ុន្តែក្រោយពេលគូបន្ទាត់ទ្រេតក្នុងលំនាំផ្ទុយគ្នារួចមក បន្ទាត់ទាំងអស់នោះហាក់ដូចជាកោងហើយអាចនឹងជួបគ្នានៅកន្លែងណាមួយទៅវិញ ។

    3. ជំងឺភ្នែក

    តើភ្នែកច្រើនកើតមានជំងឺអ្វីខ្លះ? ភ្នែកយើងច្រើនកើតជំងឺៈ
  • ភ្នែកក្រហម
  • ភ្នែកពពែឆ្កែ
  • ភ្នែកឡើងបាយ
  • ភ្នែកច្រើនកើតជំងឺ ពពែឆ្កែ ភ្នែកក្រហម អៀភ្នែក ខ្វាក់មាន់ ស្រវាំងភ្នែក(មីញ៉ូប) ភ្នែកឡើងបាយ ដុះកន្ទុយថ្លែន... ។ ជំងឺទាំងនេះកើតឡើងដោយសារខ្វះអនាម័យ ការបរិភោគអាហារខ្វះជីវជាតិ ការខ្វះការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សម្ភារៈ ការមិនយល់ពីរបៀបអាន... ។

    4. អនាម័យភ្នែក

    តើយើងត្រូវថែរក្សាភ្នែកដោយធ្វើដូចម្តេចខ្លះ?
    ភ្នែកមានសារៈសំខាន់ណាស់សម្រាប់ជីវិតយើង ។
    ដូចនេះយើងៈ
  • ត្រូវបរិភោគអាហារណាដែលសម្បូរជីវជាតិ (A) ដូចជា ការ៉ុត ដំឡូង ល្ពៅ ចន្លែ (ស្ពៃ ស្លឹកងុប ស្លឹកម្រះ...)ល្ហុង...។
  • ត្រូវទៅមន្ទីពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងព្យាបាលជាបន្ទាន់ នៅពេលភ្នែកប៉ះនិងវត្ថុផ្សេងៗឬវត្ថុផ្សេងៗចូលភ្នែក ឬភ្នែកមានបញ្ហាផ្សេងៗ ។
  • ត្រូវធ្វើការ ឬមើលសៀវភៅក្រោមពន្លឺគ្រប់គ្រាន់ក្នុងចម្ងាយ 25cm ពីភ្នែក ។ មិនត្រូវមើលចំព្រះអាទិត្យនិងមិនត្រូវអានសៀវភៅនៅពេលជិះកង់ ម៉ូតូ រថយន្ត... ទេ ។
  • មិនត្រូវយកដៃកខ្វក់ជូតភ្នែក និងយកវត្ថុស្រួចៗដាក់ជិតភ្នែក ។ ត្រូវឲ្យភ្នែកសម្រាកក្រោយពេលអាន ឬមើលអ្វីៗអស់រយៈពេលច្រើនម៉ោង ។
  • មេរៀនសង្ខេប

    ភ្នែកមានត្របកភ្នែកលើ ត្របកភ្នែកក្រោម និងគ្រាប់ភ្នែក ។ គ្រាប់ភ្នែកមានកញ្ចក់ភ្នែក ប្រស្រី រន្ធប្រស្រី កេវភ្នែក រេទីន និងចក្ខុប្រសាទ ។ ភ្នែកមានតួនាទីសម្រាប់មើល ។ សរីរាង្គវិញ្ញាណសម្រាប់មើលហៅចា ចក្ខុវិញ្ញាណ ។ ភ្នែកមាននាទីសំខាន់ណាស់ ដូចនេះយើងត្រូវថែរក្សាការពារវាឲ្យបានល្អ ។ ពេលភ្នែកមានបញ្ហាចាំបាច់ត្រូវទៅមន្ទីរពេទ្យឲ្យគ្រូពេទ្យពិនិត្យនិងព្យាបាលជាបន្ទាន់ ។

    សំណួរ

    ក. ចូរឆ្លើយសំណួរខាងក្រោមនេះ ។
    ខ. ចូរជ្រើរើសចម្លើយដែលត្រឹមត្រូវ
    ការងារស្រាវជ្រាវ