មេរៀនទី៤ ចំណែកថ្នាក់សត្វ

នៅលើភពផែនដីយើងនេះ មានសត្វច្រើនប្រភេទណាស់ ។ សត្វខ្លះសុីសាច់ឆៅជាអាហារ (មាំសាសី) ។ សត្វខ្លះសុីសត្វល្អិតជាអាហារ​ (តិណាសី) ។ សត្វខ្លះសុីរុក្ខជាតិឬគ្រាប់រុក្ខជាតិជាអាហារ (រុក្ខាសី) ។ សត្វខ្លះសុីអាហារគ្រប់មុខ (សព្វាសី) និងសត្វខ្លះត្រូវការចំណីអាហារដាច់ដោយឡែកពីគេ ដូចជាពួកឃ្មុំត្រូវការលំអងផ្កានិងសារជាតិផ្សេងៗ ដែលមានរស់ជាតិផ្អែម ដើម្បីចិញ្ចឹមជីវិត ។ បណ្តាសត្វទាំងអស់នេះមានសត្វខ្លះរកសុីពេលយប់ សត្វខ្លះរកសុីពេលថ្ងៃ សត្វខ្លះរស់នៅលើគោគ សត្វខ្លះរស់នៅក្នុងទឹក និងសត្វខ្លះរស់នៅលើគោគផង ក្នុងទឹកផង ។ ប៉ុន្តែសត្វទាំងអស់សុទ្ធតែមានលក្ខណៈសម្គាល់របស់វា ។ ដូចនេះ គេអាចធ្វើចំណែកថ្នាក់សត្វតាមលក្ខណះដូចខាងក្រោម ។

1. លក្ខណៈរូប

តាមរយៈលក្ខណៈរូបខាងក្រៅរបស់សត្វ យើងឃើញសត្វទាំងនោះមានលក្ខណៈសម្គាល់ផ្សេងៗគ្នា ។ ឧទាហរណ៍ៈ
image 1
លក្ខណៈសម្គាល់នេះ អាចឲ្យយើងផ្តុំសត្វទាំងនោះទៅតាមក្រុមដែលមានលក្ខណៈសម្គាល់ដូចគ្នា
  • លក្ខណៈសម្គាល់ "ស្លាប" អាចឲ្យយើងផ្តុំមាន់ ក្ងាន និងទាជាក្រុម (ក)
  • លក្ខណៈសម្គាល់ "ជើងមានម្រាមជាប់គ្នា" អចឲ្យយើងផ្តុំក្ងាន និងទាជាក្រុម (ខ)
  • លក្ខណៈសម្គាល់ "ខ្លួនមានរោម" អចឲ្យយើងផ្តុំឆ្កែ គោ និងក្តាន់ជាក្រុម (គ)
  • លក្ខណៈសម្គាល់ "ក្បាលមានស្នែង" អចឲ្យយើងផ្តុំ គោ និង​ក្តាន់ជាក្រុម (ឃ) ។

  • image 2
    តាមលទ្ធផលខាងលើ យើងអាចធ្វើចំណែកថ្នាក់សត្វតាមទម្រង់មែកឈើដែលបង្ហាញឲ្យឃើញពីដូនតារួមរបស់ក្រុមសត្វនីមួយៗ ។
    image 3
  • ក្រុម "ក" មាន់ ទា ក្ងាន បង្ហាញពីដូនតារួមមួយ ដែលមានលក្ខណៈសម្គាល់ដូចគ្នាគឺ "រោមស្លាប"
  • ក្រុម "ខ" ក្ងាន ទា​ បង្ហាញពីដូនតារួមមួយ ដែលមានលក្ខណៈសម្គាល់ដូចគ្នាគឺ "ជើងមានម្រាមជាប់គ្នា"
  • ក្រុម "គ" ឆ្កែ គោ ក្តាន់​ បង្ហាញពីដូនតារួមមួយ ដែលមានលក្ខណៈសម្គាល់ដូចគ្នាគឺ "រោមនិងដោះ"
  • ក្រុម "ឃ" គោ ក្តាន់​ បង្ហាញពីដូនតារួមមួយ ដែលមានលក្ខណៈសម្គាល់ដូចគ្នាគឺ "ស្នែង"
  • ការធ្វើចំណែកថ្នាក់សត្វបែបនេះ គឺជាការប្រមូលផ្តុំសត្វជាក្រុមទៅតាមលក្ខណៈសម្គាល់រួម (លក្ខណៈរូប) រួចដាក់ឈ្មោះក្រុមនីមួយៗ ។ ដូចនេះ
  • ក្រុម "ក" ជាក្រុម " បក្សី "
  • ក្រុម "ខ" ជាក្រុម " តាលបាទ បក្សី "
  • ក្រុម "គ" ជាក្រុម " ថនិកសត្វ "
  • ក្រុម "ឃ" ជាក្រុម " ទំពាអៀង "
  • 2. វិធីជីវវិទ្យា

    ការធ្វើចំណែកថ្នាក់តាមវិធីនេះមានន័យថា ធ្វើចំណែកថ្នាក់ទៅតាមអ្វីដែលសត្វទាំងនោះមាន យើយសត្វដទៃគ្មាន ។ ឧទាហរណ៍ៈ
  • ពួកសត្វដែលមានរោមនិងដោះជាថ្នាក់ថនិកសត្វ
  • ពួកសត្វដែលមានរោមស្លាបនិងផ្ទាំងស្លាបជាថ្នាក់បក្សី
  • ពួកសត្វដែលមានរំអិលនិងព្រុយប្រកបដោយទ្រនុងឆ្អឹងជាថ្នាក់ត្រី
  • ពួកសត្វដែលមានស្រការលើដងខ្លួនហើយផ្លាស់ទីដោយវារ សូនជាថ្នាក់ល្មូន
  • ពួកសត្វដែលមានស្បែកស្រាតហើយសើម អវយវៈក្រោយវែងជាងអវយវៈមុខជាថ្នាក់កង្កែប
  • ពួកសត្វដែលមានជើង 3 គូប្រកបដោយគន្លាក់ 3 កង់ជាថ្នាក់សត្វល្អិត ។
  • ជារួមយើងអាចចែកពួកសត្វខាងលើជាពីរផ្នែកធំៗគឺ

    ក. សត្វមានគ្រោងឆ្អឹងក្នុង (សត្វឆ្អឹងកង)

    image 4

    ខ. សត្វមានគ្រោងឆ្អឹងក្រៅ (សត្វឥតឆ្អឹងកង)

    image 5

    មេរៀនសង្ខេប

    សត្វទាំងអស់មានលក្ខណៈសម្គាល់ផ្សេងៗគ្នា ។ សត្វទាំងអស់ចែកចេញជាពីរក្រុមធំៗគឺ
  • ក្រុមសត្វឆ្អឹងកង ដែលមានសត្វឆ្អឹងកងខ្នង ។ សត្វឆ្អឹងកងចែកចេញជា 5 ថ្នាក់គឺ ថ្នាក់ត្រី ថ្នាក់កង្កែប ថ្នាក់ល្មូន ថ្នាក់បក្សី និងថ្នាក់ថនិកសត្វ ។
  • ក្រុមសត្វឥតឆ្អឹងកង ដែលជាសត្វគ្មានឆ្អឹងកងខ្នង ។ សត្វឥតឆ្អឹងកងមានច្រើនប្រភេទទៀត ថ្នាក់អារាក់គ្នីដ ថ្នាក់ស្ពុងស្យែ ថ្នាក់គ្រូស្តាសេ... ។