មេរៀនទី៣ វដ្តជីវិតរបស់រុក្ខជាតិ

រុក្ខជាតិជាភាវៈមានជីវិត ។ រុក្ខជាតិទាំងអស់មានលក្ខណៈផ្សេងៗគ្នា ខ្លះធំខ្ពស់ ខ្លះទាបតូច ខ្លះមានបន្លា ខ្លះឥតបន្លា ខ្លះមានស្លឹកធំៗ ខ្លះមានស្លឹកតូចៗ ខ្លះមានផ្កា ខ្លះអត់ផ្កា... ។

1. លក្ខណៈរបស់រុក្ខជាតិ

  • តើរុក្ខជាតិភាគច្រើនដុះលូតលាស់ចេញពីអ្វី ?
  • ចូរសង្កេត ប្រៀបធៀប ដើម ស្លឹក និង​ ឫសនៃដើមស្វាយទៅនឹងដើមដូង ។
  • ស្វាយជារុក្ខជាតិដែលដុះចេញពីគ្រាប់ដែលមានពីរក្លែប ។ វាមានដងដើមមាំ ស្លឹកមានទ្រនុងជាក្រឡាសំណាញ់ មានឫសកែវមួយ និងឫសតូចៗជាច្រើនទៀត (ឫសរយាង) ។
  • ដើមដូងដុះចេញពីគ្រាប់ដែលមានតែមួយក្លែប ។ វាមានដងដើមមិនសូវមាំ ស្លឹកមានទ្រនុងស្របហើយមានតែឫសស្ញែ ។
  • រុក្ខជាតិទាំងអស់ ដុះចេញពីគ្រាប់ ។ រុក្ខជាតិខ្លះដុះចេញពីគ្រាប់ដែលមានតែមួយក្លែប ។ រីឯរុក្ខជាតិខ្លះដុះចេញពីគ្រាប់ដែលមានពីរក្លែប ។
  • រុក្ខជាតិដុះចេញពីគ្រាប់ដែលមានពីរក្លែបហៅថា រុក្ខជាតិឌីកូទីលេដូន ។
  • រុក្ខជាតិដុះចេញពីគ្រាប់ដែលមានមួយក្លែបហៅថា រុក្ខជាតិម៉ូណូកូទីលេដូន ។
  • 2. ការលូតលាស់របស់រុក្ខជាតិ

  • រុក្ខជាតិលូតលាស់ចេញពីគ្រាប់ ។ តើគ្រាប់ទាំងនោះបានមកពីណា ?
  • ផ្លែរុក្ខជាតិទាំងអស់កកើតចេញពីផ្កា ។ នៅពេលរុក្ខជាតិលូតលាស់ធំ វាអាចបញ្ចេញផ្កា ។
  • តើផ្លែរុក្ខជាតិទាំងនោះកកើតចេញពីណា ?
  • ដូចនេះ គ្រាប់រុក្ខជាតិបង្កើតជារុក្ខជាតិ ។ រុក្ខជាតិផ្តល់ផ្កា ។ ផ្កាបង្កើតផ្លែ ។ ក្នុងផ្លែមានគ្រាប់ ។
  • គ្រាប់រុក្ខជាតិទាំងអស់មាននៅក្នុងផ្លែរុក្ខជាតិ ។
  • ជារួមវដ្តជីវិតរុក្ខជាតិៈ ដើមរុក្ខជាតិ ផ្កា ផ្លែ គ្រាប់ ដើមរុក្ខជាតិ

    image 1

    3. លក្ខណៈរបស់ផ្កា

    ចូរសង្កេតមើលផ្ការំយោល តើវាផ្គុំពីអ្វីខ្លះ ? តើផ្នែកណាខ្លះនៃផ្កា ដែលធ្វើឲ្យមនុស្ស សត្វចាប់អារម្មណ៍ជាងគេ ? ព្រោះអ្វី ?

    image 2

    image 3
    ក. រូបផ្គុំនៃផ្កា
    ផ្នែកនៃផ្កាដែលធ្វើឲ្យយើងចាប់អារម្មណ៍ជាគេ គឺស្រទាប់ផ្កា ព្រោះវាធ្វើឲ្យផ្កាមានពណ៌និងមានទ្រង់ទ្រាយ ។
  • ស្រទាប់ផ្កាផ្តុំគ្នាហៅថាកញ្ចុំស្រទាប់ ។
  • បណ្តុំត្របកតូចៗពណ៌បៃតងហៅថា កញ្ចុំត្របក ។ ប៉ុន្តែនៅចំកណ្តាលកញ្ចុំស្រទាប់គេហៅថាអ្វី ?
  • នៅចំកណ្តាលកញ្ចុំស្រទាប់មានៈ
  • កញ្ចុំកេសរឈ្មោល
  • កញ្ចុំកេសរញី ។
  • កញ្ចុំកេសរញី ។
  • ផ្កានីមួយៗផ្គុំឡើងពីៈ
  • ទងផ្កា
  • ត្របកផ្កា (កញ្ចុំត្របក)
  • ស្រទាប់ផ្កា (កញ្ចុះស្រទាប់)
  • កញ្ចុំកេសរឈ្មោល និងកញ្ចុំកេសរញី ។
  • ខ. នាទីរបស់ផ្នែកនីមួយៗនៃផ្កា
  • ចូរពុះតាមបណ្តោយនៃផ្កា ។ តើផ្នែកនីមួយៗនៃផ្កាមាននាទីសម្រាប់ធ្វើអ្វីខ្លះ ?
  • កេសរឈ្មោលមាននាទីផលិតគ្រាប់លម្អងដែលត្រូវចូលផ្សំជាមួយអូវុលដើម្បីបង្កើតគ្រាប់រុក្ខជាតិ ។ ចំណែកអូវែនិងក្លាយទៅជាផ្លែរុក្ខជាតិ ។
  • ស្ទិចម៉ាតមានសភាពស្អិតសម្រាប់ទាក់គ្រាប់លំអងចូលទៅក្នុងទងកេសរញី ។
  • កញ្ចុំស្រទាប់មានពណ៌ស្រស់ឆើតសម្រាប់ទាក់ទាញសត្វល្អិត ។
  • កញ្ចុំត្របកក្រៅនៃផ្កាជាគ្រឿងសម្រាប់ប្រឆាំងសត្វល្អិត ដែលចូលទៅយាយីផ្កា ហើយជួយធ្វើឲ្យកញ្ចុំស្រទាប់ផ្កាជាប់ទៅនិងទង ។
  • គ. ការផលិតអាហាររបស់រុក្ខជាតិបៃតង
  • ស្លឹករុក្ខជាតិធ្វើឲ្យរុក្ខជាតិមានពណ៌បៃតង ។ តើសារធាតុបៃតងនៃស្លឹករុក្ខជាតិនោះហៅថាអ្វី ?
  • សារធាតុបៃតងនៃស្លឹករុក្ខជាតិនោះហៅថា ក្លរ៉ូភីល ។ ក្លរ៉ូភីលមាននាទីស្រូបយក និងបញ្ចេញចោលឧស្ម័នអុកសុីសែននិងឧស្ម័នកាបូនិច ។

  • image 4
  • ទឹកស្រូបពីក្នុងដីតាមឬស
  • ខ្សល់ចូលក្នុងស្លឹកតាមរន្ធតូចៗ (ស្តូម៉ាត)
  • ក្លរ៉ូភីល + ទឹក + ឧស្ម័នកាបូនិច + ពន្លឺព្រះអាទិត្យ -> ស្ករ (សម្រាប់ចិញ្ចឹមរុក្ខជាតិ) + ឧស្ម័នអុកសុីសែន (មនុស្សនិងសត្វត្រូវការ)


  • តើរុក្ខជាតិត្រូវការទឹក ពន្លឺព្រះអាទិត្យនិងខ្យល់សម្រាប់ធ្វើអ្វី ?
  • មនុស្ស សត្វអាចអត់អាហារ បានមួយខែ អត់ទឹកបានបួនទៅប្រាំថ្ងៃទើបស្លាប់ ប៉ុន្តែបើអត់ខ្យល់ដកដង្ហើម (ឧស្ម័នអុកសុីសែន) តែមួយ ឬពិរនាទីប៉ុណ្ណោះ ។ មនុស្ស សត្វ នឹងស្លាប់ភ្លាម ដូចនេះយើងគ្រប់គ្នារស់ដោយសាររុក្ខជាតិ ។ អាស្រ័យហេតុនេះ យើងគ្រប់ៗគ្នាត្រូវនាំគ្នាដាំនិងថែរក្សារុក្ខជាតិឲ្យបានល្អ ។
  • មេរៀនសង្ខេប
  • រុក្ខជាតិមានពីរក្រុមៈ ម៉ូណូកូទីលេដូន និង ឌីកូទីលេដូន ។
  • រុក្ខជាតិភាគច្រើនលូតលាស់ចេញពីគ្រាប់ ។ គ្រាប់រុក្ខជាតិមាននៅក្នុងផ្លែ ។ ផ្លែកើតចេញពីផ្កា ។
  • ផ្ការុក្ខជាតិមានកញ្ចុំត្របក កញ្ចុំស្រទាប់ កញ្ចុំកេសរញីនិងកញ្ចុំកេសរឈ្មោល ។
  • សារធាតុដែលធ្វើឲ្យស្លឹករុក្ខជាតិមានពណ៌បៃតងហៅថា ក្លរ៉ូភីល ។
  • ក្លរ៉ូភីល ទឹក ឧស្ម័នកាបូនិច និងពន្លឺព្រះអាទិត្យបង្កើតបានជាស្ករសម្រាប់ចិញ្ចឹមរុក្ខជាតិ និងឧស្ម័នអុកសុីសែន ដែលជាតម្រូវការចាំបាច់របស់មនុស្សនិងសត្វ ។
  • សំនាំនៃការផលិតអាហាររបស់រុក្ខជាតិហៅថារស្មីសំយោគ ។