មេរៀនទី២ ផលប្រយោជន៍រុក្ខជាតិ

ក្នុងបរិស្ថានធម្មជាតិ ភាវៈរស់ទាំងអស់តែងតែមានទំនាក់ទំនងរវាងគ្នានិងគ្នា ដូចជាទំនាក់ទំនងរវាងមនុស្សនិងសត្វ រវាងសត្វនិងរុក្ខជាតិ រវាងមនុស្សនិងរុក្ខជាតិ រវាងរុក្ខជាតិនិងរុក្ខជាតិ... ។ តើរុក្ខជាតិនិងមនុស្សមានទំនាក់ទំនងរវាងគ្នាដូចម្តេចខ្លះ ?

1. ផលប្រយោជន៍រុក្ខជាតិ

ចំណីអាហារជាសារធាតុដ៏ប្រសើរបំផុតសម្រាប់ធ្វើឲ្យសារពាង្គកាយលូតលាស់ធំធាត់មានកម្លាំងអាចធ្វើការងារនិងអាចទប់ទល់និងជំងឺផ្សេងៗបាន ។ ចំណីអាហារទាំងអស់មានប្រភពមកពីសត្វនិងរុក្ខជាតិ ។
ក. រុក្ខជាតិផ្តល់ផ្លែ ផ្កា ស្លឹក និង មើម
  • បន្លែស្លឹកដូចជា ស្ពៃក្តោប ខាត់ណា ស្លឹកថ្នឹង ស្លឹកគ្រៃ ស្លឹកបាស... ។
  • បន្លែផ្កាដូចជា ផ្កាខាត់ណា ផ្កាអង្គាដី ផ្កាល្ពៅ ផ្កាកំប្លោក ផ្កាស្នោ... ។
  • បន្លែផ្លែដូចជា ល្ពៅ ម្រះ ននោង ត្រប់ ត្រសក់ ម្ទេស ឃ្លោក ប៉េងប៉ោះ ត្រឡាច សណ្តែកកួរ ក្រសាំង... ។
  • បន្លែមឺមដូចជា ខ្ទឹមបារាំង ខ្ញី សណ្តែកដី ដំឡូងជ្វា ការ៉ុត ឆៃថាវ បុិកួ ត្រាវ ខ្ទឹមស រំដេង... ។
  • រុក្ខជាតិមួយចំនួនធំអាចផ្តល់ផ្លែសម្រាប់ធ្វើចំណី ឬបង្អែម ។ ឧទាហរណ៍ៈ ចេកទុំ មង្ឃុត សាវម៉ាវ មៀន ទុរេន ក្រូច ល្ហុង ស្វាយ បំពេញរាជ្យ ម្នាស់ ត្របែក ម្កាក់ កន្ទួត ពុទ្រា... ។
    គេអាចច្នៃផ្លែឈើខ្លះធ្វើជាតំណាប់ទុកបរិភោគបានយូរ ។ ឧទាហរណ៍ៈ តំណាប់ស្វាយ តំណាប់អម្ពិល តំណាប់ចេក ឬចេកហាល ។ រីឯផ្លែឈើខ្លះគេអាចច្នៃធ្វើភេសជ្ជៈ ។ ឧទាហរណ៍ៈ ទឹកក្រូច ទឹកម្នាស់ ទឹកត្របែក... ។
    ដូចនេះ មើម ស្លឹក ផ្កា ផ្លែរបស់រុក្ខជាតិមួយចំនួនធំ គឺជាប្រភពអាហាររបស់មនុស្ស ។
    ខ. រុក្ខជាតិផ្តល់ជាសម្ភារៈតម្បាញ
    រុក្ខជាតិខ្លះអាចធ្វើជាវត្ថុធាតុដើមសម្រាប់ផលិត សម្ភារៈតម្បាញដូចជា កប្បាស គ... ។
    រីឯរុក្ខជាតិខ្លះទៀតអាចធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតសម្ភារៈប្រើប្រាស់ផ្សេងៗដូចជា ក្រចៅ ឆ្នៃ កក់ ផ្តៅ កំប្លោក... ។
    គ. រុក្ខជាតិផ្តល់ជាគ្រឿងសង្ហារិម និងសម្ភារៈសំណង់
    រុក្ខជាតិខ្លះអាចផ្តល់ជាវត្ថុធាតុដើមក្នុងការផលិតគ្រឿងសង្ហារិម និងសម្ភារៈសំណង់ដូចជា ដើមឫស្សី ផ្តៅ បេង នាងនួន... ។
    ដូចនេះរុក្ខជាតិមួយចំនួនធំផ្តល់ជាវត្ថុធាតុដើមក្នុងការផលិតគ្រឿងសង្ហារិមនិងគ្រឿងសំណង់ផ្សេងៗ ។
    ឃ. រុក្ខជាតិផ្តល់ជាឱសថ
    គេអាចយករុក្ខជាតិមួយចំនួនទៅធ្វើឱសថ (ថ្នាំ) ព្យាបាលជំងឺដូចជា
  • ឆ្កែស្រែង ជាថ្នាំផ្សះ
  • មើមស្មៅក្រវាញជ្រូក ជាថ្នាំព្យាបាលគ្រុនក្តៅ
  • ស្លឹកត្រចៀកក្រាញ់ ជាថ្នាំព្យាបាលជំងឺគ្រុនក្តៅ
  • ប្រកផ្លែ ឬស្តៅ ជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ ។
  • ដូចនេះ រុក្ខជាតិមួយចំនួនជាវត្ថុធាតុដើមយ៉ាងសំខាន់ក្នុងការផលិតជាឱសថព្យាបាលជំងឺផ្សេងៗ ។
    ង. រុក្ខជាតិសម្រាប់លម្អគេហដ្ឋាននិងទីសាធារណៈ
    ដើម្បីធ្វើឲ្យបរិវេណផ្ទះ ឬកន្លែងសាធារណៈផ្សេងៗមានសម្រស់ល្អ គេតែងយករុក្ខជាតិស្លឹកនិងរុក្ខជាតិផ្កាទៅដាំលម្អ ។
    ដូចនេះ រុក្ខជាតិមួយចំនួនជារុក្ខជាតិលម្អ វាផ្តល់នូវសោភណភាព គួរឲ្យចាប់ចិត្តនិងសប្បាយរីករាយ ។
    ច. រុក្ខជាតិផ្តល់គ្រឿងឆេះ (អុស)
    ស្ទើរតែគ្រប់រុក្ខជាតិអាចយកទៅធ្វើអុស ធ្យូងសម្រាប់ចម្អិនអាហារ ឬប្រភពផ្តល់កម្តៅ ។ ដូចនេះ រុក្ខជាតិជាប្រភពផ្តល់ថាមពលកម្តៅ ។​ ប់ុន្តែដើម្បីឲ្យរុក្ខជាតិទាំងអស់នៅតែជាប្រភពផ្តល់ថាមពលបានយូរអង្វែង យើងត្រូវកាប់មែកក្រោមៗ នៃរុក្ខជាតិហើយឆ្លាស់ទីកន្លែងដែលរុក្ខជាតិទាំងនោះដុះ ។
    ឆ. រុក្ខជាតិផ្តល់ជាជម្រកនិងផលប្រយោជន៍ផ្សេងៗទៀត
    រុក្ខជាតិផ្តល់ជាម្លប់និងជាជម្រកដល់មនុស្សសត្វ ។ រុក្ខជាតិក៏អាចធ្វើឲ្យបរិយកាសត្រជាក់ខ្យល់បរិសុទ្ធ ព្រមទាំងជួយការពារដី មិនឲ្យហូរច្រោះទៀតផង ។ ដូចនេះ រុក្ខជាតិជាប្រភពផ្តល់ជម្រកនិងជួយធ្វើឲ្យបរិស្ថានល្អទៀតផង ។

    2. ការថែទាំរុក្ខជាតិ

    ដោយសាររុក្ខជាតិផ្តល់ផលប្រយោជន៍ច្រើនយ៉ាង ។ ដូចនេះយើងត្រូវចូលរួមដាំ ថែរក្សា និងការពាររុក្ខជាតិឲ្យបានល្ពនិងនៅគង់វង្ស ។

    មេរៀនសង្ខេប

    រុក្ខជាតិផ្តល់ជាជម្រកនិងផលប្រយោជន៍ច្រើនយ៉ាងណាស់ដល់មនុស្ស ដូចជាប្រភពអាហារ វត្ថុធាតុដើមក្នុងការផលិតសម្ភារៈតម្បាញ វត្ថុធាតុដើមក្នុងការផលិតគ្រឿងសង្ហារិម និងសំណង់ វត្ថុធាតុដើមសម្រាប់ផលិតឱសថ វត្ថុសម្រាប់លម្អវត្ថុសម្រាប់ផ្តល់ថាមពលកម្តៅ ផ្តល់ជម្រក ឬម្លប់និងបរិយាកាសត្រជាក់ ។ យើងត្រូវនាំគ្នាដាំរុក្ខជាតិឲ្យបានច្រើន ហើយថែទាំការពាររុក្ខជាតិឲ្យបានល្អនិងនៅគង់វង្ស ។

    សំណួរ