មេរៀនទី១ បរិស្ថានធម្មជាតិ

ដី ទឹក ភ្លើង ខ្យល់ មនុស្ស សត្វ​ រុក្ខជាតិ ... សុទ្ធតែជាភាវៈដែលមាននៅក្នុងបរិស្ថានធម្មជាតិ ។ បរិស្ថានធម្មជាតិចែកចេញជាពីរគឺ បរិស្ថានធម្មជាតិមានជីវិត និង បរិស្ថានធម្មជាតិឥតជីវិត ។
1. បរិស្ថានធម្មជាតិ

ក. បរិស្ថានមានជីវិត
លំនៅស្ថាននៃភាវៈមានជិវិតទាំងអស់ (រុក្ខជាតិ សត្វ មនុស្ស) ហៅថាបរិស្ថានមានជីវិត ។ ឧទាហរណ៍ៈ
  • ត្រពាំងជាបរិស្ថានមានជីវិត ព្រោះត្រពាំងជាលំនៅឋានរបស់ត្រី កង្កែប ក្តាម ឈូក... ដែលជាភាវៈមានជីវិតរស់នៅ ។
  • ផ្ទះជាបរិស្ថានមានជីវិត ព្រោះផ្ទះជាលំនៅឋានរបស់មនុស្ស និងសត្វផ្សេងៗមួយចំនួនដូចជា ស្រមោច មូស...ដែលជាភាវៈមានជីវិត ។
  • ខ. បរិស្ថានឥតជីវិត
    ភាវៈឥតជីវិតទាងអស់ ដែលមានឥទ្ធិពលទោលើភាវៈមានជីវិត ហៅថាបរីស្ថានឥតជីវិត ។ ឧទាហរណ៍ៈ ពន្លឺព្រះអាទិត្យ ទឹក ដី (ប្រភេទដីផ្សេងៗ​ ដូចជា ដីល្បាប់ ដីខ្សាច់ ដីឥដ្ឋ...) ខ្សល់ ធាតុអាកាស រ៉ែផ្សេងៗ ។
    2. ឋានប្រព័ន្ធ

    ទំនាក់ទំនងរវាងបរិស្ថានមានជីវិត និងបរិស្ថានឥតជិវិតហៅថា ឋានប្រព័ន្ធ ។
    ឧទាហរណ៍ៈ មនុស្ស សត្វ រុក្ខជាតិ ដែលជាភាវៈមានជីវិតត្រូវការពន្លឺព្រះអាទិត្យ ខ្យល់ ទឹក...ដែលជាភាវៈឥតជីវិត​ដើម្បីរស់ ។
    3. ខ្សែអាហារ

    ក. អ្នកផលិត
    រុក្ខជាតិបៃតងជាអ្នកផ្តល់អាហារដល់សត្វនិងមនុស្សហៅថា អ្នកផលិត ។
    ខ. អ្នកប្រើប្រាស់
    ភាវៈទាំងអស់ដែលអាស្រ័យរុក្ខជាតិបៃតងជាអាហារគេហៅថាអ្នកប្រើប្រាស់ ។
    ឧទាហរណ៍ៈ ដង្កូវសុីស្លឹករុក្ខជាតិ ។ ដូចនេះដង្កូវជាអ្នកប្រើប្រាស់ចំណែកស្លឹករុក្ខជាតិជាអ្នកផលិត ។
    គ. ខ្សែអាហារ
    ករផ្ទេរថាមពលអាហារពិអ្នកប្រើផលិតទៅអ្នកប្រើប្រាស់ហៅថា ខ្សែអាហារ
    ឧទាហរណ៍ៈ ស្លឹករុក្ខជាតិត្រូវដង្កូវសុី ដង្កូវត្រូវចាបសុី... ។
    ប្រសិនបើគ្មានរុក្ខជាតិសម្រាប់សត្វតូចៗទេ នោះក៏គ្មានសត្វធំៗដែរ ។
    ឃ. ផលប៉ះពាល់នៃខ្សែអាហារ ឧទាហរណ៍ៈ ខ្សែអាហារ
  • ស្រូវជាអាហាររបស់កណ្តុរ
  • កណ្តុរជាអាហាររបស់សត្វពស់
  • ពស់ជាអាហាររបស់មនុស្ស ។
  • ប្រសិនបើមនុស្សនាំគ្នាចាប់ពស់យកមកធ្វើអាហារអស់ នោះយើងនឹងឃើញថាបរិមាណកណ្តុរនិងកើនឡើងយ៉ាងលឿន ព្រោះក្នុងមួយឆ្នាំកណ្តុរមួយក្បាលអាច បង្កើតកូនចៅបានប្រហែល 100 ក្បាល ។ ដោយសារកណ្តុរសុីស្រូវជាអាហារ ដូចនេះដំណាំស្រូវរបស់កសិករនឹងត្រូវវិនាសអស់ ។ ទីបញ្ចប់អ្នកដែលទទួលផលប៉ះពាល់ ធ្ងន់ធ្ងរជាងគេ គឺមនុស្ស ព្រោះមនុស្ស (ប្រទេសកម្ពុជា) យកដំណាំស្រូវធ្វើជាមូលដ្ឋានសេដ្ឋកិច្ច និងជាមូលដ្ឋាននៃប្រភពអាហារ ។
    ជារួម នៅពេលបាត់បង់ផ្នែកណាមួយនៃខ្សែអាហារ វានឹងធ្វើឱ្យមានផលប៉ះពាល់ជានិច្ចដល់មនុស្ស សត្វ និងរុក្ខជាតិ ។
    4. វដ្តអាហារ

    លំនាំខ្សែរអាហារគ្មានទីបញ្វប់ ហៅថា វដ្តអាហារ ។ ឧទាហរណ៍ៈ វដ្តអាហារ
  • ស្រូវលូតលាស់បង្កើតបាន ផ្លែ ដោយសារពន្លឺព្រះអាទិត្យនិងជិវជាតិរបស់ដីដែលបានមកពីការផុយរលួយនៃសត្វឆ្កែ ។
  • គ្រាប់ស្រូវ ផ្លែ ជាអាហាររបស់សត្វមាន់
  • សត្វមាន់ជាអាហាររបស់សត្វឆ្កែ
  • នៅពេលសត្វឆ្កែងាប់ វានឹងក្លាយជាជីសម្រាប់រុក្ខជាតិវិញម្តង ។
  • 5. លំនឹងធម្មជាតិ

    ក្នុងធម្មជាតិ យើងតែងសង្កេតឃើញភាវៈរស់ជាច្រើនអាចបង្កើតកូនបានច្រើនជាបន្តបន្ទាប់ទៀត ។
    ឧទាហរណ៍ទី 1: យើងមិនអាចដឹងថា ដើមទៀបមួយដើម អាចផ្តល់កូនទៀបថ្មីបានប៉ុន្មានទេ ព្រោះទៀបមួយដើមអាចផ្តល់ផ្លែច្រើន ហើយផ្លែទៀបនីមួយៗមានគ្រាប់ច្រើនដែលនឹងក្លាយជាកូនទៀបថ្មីទៀត ។
    ឧទាហរណ៍ទី 2: យើងមិនអាចដឹងថា ក្នុងទន្លេ ឬបឹងមានត្រីប៉ុន្មានរស់នៅទេ ។ ប៉ុន្តែយើងគ្រាន់តែដឹងថា ត្រីមួយក្បាលពងកូនបានច្រើនណាស់ ។
    ដូចករណីខាងលើ យើងអាចសន្និដ្ឋាន
  • មិនយូរប៉ុន្មាន ទន្លេ ឬបឹងនោះនឹងពេញទៅដោយសត្វត្រី ។
  • មិនយូរប៉ុន្មានផែនដីទាងមូលនឹងគ្របដណ្តប់សុទ្ធតែដើមរុក្ខជាតិ ។
  • ដូចនេះ ភាវៈរស់ដទៃទៀត ពុំមានមានទីកន្លែងសម្រាប់នៅ គ្មានអាហារគ្រប់គ្រាន់ គ្មានខ្យល់ គ្មានទឹកសម្រាប់រស់នៅបានឡើយ ។
    ប៉ុន្តែជាក់ស្តែងទោះបីជាត្រីពងកូនច្រើនក៏ដោយ ក៏ចំនួនត្រីដែលលូតលាស់ធំធាត់ នៅតែមានកម្រិតជានិច្ច ព្រោះពងត្រីមួយចំនួនត្រូវមនុស្សយកមកធ្វើជាអាហារ ។ ចំណែកកូនត្រីមួយចំនួនធំត្រូវបានបំផ្លាញ (ធ្វើជាអាហារ) ដោយត្រីធំៗ បក្សីមួយចំនួន បានក្លាយជាអាហាររបស់មនុស្សនិងសត្វផ្សេងៗទៀត ។
    រីឯរុក្ខជាតិវិញ ទោះបីជាផលិតបានគ្រាប់វាល់លានគ្រាប់ក៏ដោយ ក៏គ្រាប់ទាំងនោះមិនអាច ក្លាយជារុក្ខជាតិថ្មីទាំងអស់បានដែរព្រោះគ្រាប់រុក្ខជាតិមួយចំនួនមិនអាចដុះ លូតលាស់បានដោយសារលក្ខខណ្ឌមិនប្រកប (ដីស្ងួតពេក សើមពេក អាកាសធាតុក្តៅពេក...) ។ គ្រាប់រុក្ខជាតិខ្លះត្រូវសត្វសុីជាអាហារ គ្រាប់ខ្លះទៀតដែលលូតលាស់បានជាកូនរុក្ខជាតិថ្មី ហើយក៏ត្រូវងាប់ទៅវិញ ដោយសត្វល្ងិតបំផ្លាញ ដោយខ្វះទឹក ខ្វះខ្យល់ ខ្វះពន្លឺ ។
    ជារួម នៅពេលភាវៈរស់ទាំងឡាយអាចរក្សាចំនួនរបស់វាបាន ទោះបីជាមានទំនាក់ទំនងជាមួយខ្សែអាហារក្តី វដ្តអាហារក្តី គេហៅថា លំនឹងធម្មជាតិ
    នៅពេលសហគមន៍ធម្មជាតិបាត់បង់លំនឹង វានឹងធ្វើឲ្យអ្នកផលិត​ ឬអ្នកប្រើប្រាស់អាចស្លាប់ផុតពូជតែម្តង ។
    មេរៀនសង្ខេប

  • ក្នុងបរិស្ថានធម្មជាតិ មានបរិស្ថានមានជីវិតនិងបរិស្ថានឥតជីវិត ។ ទំនាក់ទំនងរវាងបរិស្ថានមានជីវិតនិងបរិស្ថានឥតជីវិតហៅថា ឋានប្រព័ន្ធ
  • ភាវៈរស់ទាំងអស់ដែលរស់នៅក្នុងបរិស្ថានធម្មជាតិតែងមានទំនាក់ទំនងរវាងគ្នានិងគ្នា ។ ទំនាក់ទំនងនេះហៅថាទំនាក់ទំនងរវាងអ្នកផលិតនិងអ្នកប្រើប្រាស់ ។ រុក្ខជាតិជាអ្នកផលិត រីឯមនុស្សនិងសត្វជាអ្នកប្រើប្រាស់ ។
  • ការផ្ទេរចាមពលពីអ្នកផលិតទៅអ្នកប្រើប្រាស់ហៅថា ខ្សែអាហារ ។ លំនាំខ្សែអាហារដែលគ្មានទីបញ្ចប់ហៅថា វដ្តអាហារ
  • នៅពេលភាវៈរស់ទាំងអស់អាចរក្សាចំនួនរបស់វាបានគេហៅថា សំនឹងធម្មជាតិ
  • មនុស្សនឹងទទួលផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរនៅពេលសហគមន៍ធម្មជាតិបាត់បង់លំនឹង ។
  • សំណួរ

    ចូរឆ្លើយនឹងសំណួរខាងក្រោម ។
    ខ. ចូរជ្រើសរើសចម្លើយណាដែលជាចម្លើយត្រឹមត្រូវ
    គ. ចូរកពាក្យមកបំពេញល្បះខាងក្រោមនេះឱ្យបានត្រឹមត្រូវ