បរិស្ថាន

កាលណាគេនិយាយពីបរិស្ថាន គឺគេនិយាយពីពិភពមានជីវិតនិងពិភពគ្នានជីវិតដែលនៅជុំវិញយើងដូចជា ដើមឈើ ខ្យល់ ដី រុក្ខជាតិ សត្វ ទន្លេ សមុទ្រ ត្រី សត្វ​ល្អិត ... ។ មនុស្សនិងអ្វីៗ ដែលមនុស្សបង្កើតដូចជាទីក្រុង កសិដ្ឋាន លំនៅដ្ឋាន បា្រសាទនានា ... ក៏ជាផ្នែកមួយនៃបរិស្ថានដែរ ។ មនុស្សម្នាក់ៗ ពុំអាចផ្តាច់ខ្លួនចេញពីបរិស្ថានបានឡើយ ។ ដោយសារតែមនុស្សជាផ្នែកមួយនៃបរិស្ថាននោះ សកម្មភាពរបស់មនុស្សមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកែប្រែបរិស្ថាន ។
ក្នុងជំពូកនេះ យើងត្រូវសិក្សាស្វែងយល់អំពី បរិស្ថានធម្មជាតិ ការកាត់បន្ថយកង្វក់ និងសារធាតុបំពុលបរិស្ថាន និងដី ។

មេរៀនទី ១ បរិស្ថានធម្មជាតិ

ធាតុបង្កក្នុងបរិស្ថានធម្មជាតិចែកចេញជាពីរគឺ ធាតុបង្កមានជីវិត និងធាតុបង្កគ្មានជីវិត ។

1. ធាតុបង្កមានជីវិត

ជាទូទៅសារពាង្គកាយមានជីវិតបង្កើតបានជាធាតុបង្កមានជីវិតរបស់បរិស្ថានធម្មជាតិ ។ ធាតុបង្កមានជីវិតទាំងអស់រួមមានមនុស្ស សត្វ​ រុក្ខជាតិ ។ ធាតុបង្កទាំងអស់នោះ ខ្លះជាអ្នកផលិត​(ភាវៈស្វ័យជីព) ខ្លះជាអ្នកប្រើប្រាស់ (ភាវៈបរជីព) និងខ្លះជាអ្នកបំបែក ។

ក. អ្នកផលិតឬភាវៈស្វ័យជីព

អ្នកផលិតឬភាវៈស្វ័យជីព គឺជាភាវៈដែលអាចផលិតអាហារដោយខ្លួនឯងបានដោយធ្វើរស្មីសំយោគ ។ រុក្ខជាតិបៃតងជាភាវៈរស់មានលក្ខណៈខុសពីភាវៈរស់ដទៃទៀត ព្រោះរុក្ខជាតិអាចផលិតអាហារដោយខ្លួនឯងក្រោមដំណើរនៃរស្មីសំយោគ ។ ដូចនេះ រុក្ខជាតិជាភាវៈស្វ័យជីព ។

ខ. អ្នកប្រើប្រាស់ឬភាវៈបរជីព

អ្នកប្រើប្រាស់ឬភាវៈបរជីព គឺជាភាវៈដែលចិញ្ចឹមជីវិតដោយសុីភាវៈស្វ័យជីព ឬភាវៈបរជីពដទៃទៀតជាអាហារ ។ គេអាចធ្វើចំណែកថ្នាក់ភាវៈបរជីពដោយផ្អែកលើប្រភពអាហាររបស់វា ។

គ. អ្នកបំបែក

ក្រៅពីភាវៈស្វ័យជីពនិងភាវៈបរជីពនៅមានសារពាង្គកាយមួយក្រុមទៀត ដែលចិញ្ចឹមជីវិតដោយសារសារពាង្គកាយ ឬសំណល់របស់សារពាង្គកាយមានជីវិត តាមរយៈ ការបំបែកសារធាតុសរីរាង្គសំញុាំឱ្យទៅជាសមាសធាតុងាយៗផ្សេងៗ ហើយបន្ទាប់មកស្រូបយកសារធាតុចិញ្ចឹមរលាយ ។ គេហៅពួកនេះថាជាអ្នកបំបែក ។
អ្នកបំបែកមានតួនាទីយ៉ាងសំខាន់ៈ
នៅក្នុងបរិស្ថានធម្មជាតិ អ្នកបំបែកមានតួនាទីសំខាន់ណាស់ នៅវដ្តរូបធាតុលើភពផែនដី ។ អ្នកបំបែកមានតួនាទីធានាឱ្យអាហារទាំងឡាយដែលមាននៅក្នុងសរពាង្គកាយអ្នកផលិតនិងអ្នក ប្រើប្រាស់ត្រូវបានប្រើប្រាស់ម្តងហើយម្តងទៀត ។

2. ធាតុបង្កគ្មានជីវិត

ធាតុបង្ករគ្មានជីវិតនៃបរិស្ថានធម្មជាតិរួមមាន ដី​ ទឹក ខ្យល់ ពន្លឺព្រះអាទិត្យ សីតុណ្ហភាព កម្រិតសារធាតុពុល កម្រិតសារធាតុចិញ្ចឹមរលាយ ជាតិប្រៃ ... ។
ធាតុបង្កគ្មានជីវិតនៃបរិស្ថានធម្មជាតិៈ

ក. ខ្លះជាតម្រូវការរបស់ធាតុបង្កមានជីវិត

ខ. ខ្លះអាចធ្វើឱ្យប៉ះពាល់ដល់ធាតុបង្កមានជីវិត

ដូចនេះ នៅក្នុងបរិស្ថានធម្មជាតិមានទាំងធាតុបង្កមានជីវិត (ភាវៈមានជីវិត)​ និង ធាតុបង្កគ្មានជីវិត (ភាវៈគ្មានជីវិត) ។ ដើម្បីរស់រានមានជីវិតបានល្អ ភាវៈមានជីវិតតែងត្រូវការធាតុបង្កគ្មានជីវិត ។

មេរៀនសង្ខេប

ជាទូទៅនៅក្នុងវរិស្ថានធម្មជាតិមានធាតុបង្កមានជីវិតនិងធាតុបង្កគ្មានជីវិត ។​ ធាតុបង្កមានជីវិតទាំងអស់រូមមានមនុស្ស សត្វ រុក្ខជាតិ ។ ធាតុបង្កទាំងអស់នោះខ្លះជាអ្នកផលិត(ភាវៈស្វ័យជីព) ខ្លះជាអ្នកប្រើប្រាស់​(ភាវៈបរជីព) និងខ្លះជាអ្នកបំបែក ។
ធាតុបង្កគ្មានជីវិតនៃបរិស្ថានធម្មជាតិរួមមាន ដី ទឹក ខ្យល់ ពន្លឺព្រះអាទិត្យ សីតុណ្ហភាព កម្រិតសារធាតុពុល កម្រិតសារធាតុចិញ្ចឹមរលាយ ជាតិប្រៃ ... ។
ដើម្បីរស់រានមានជីវិតបានល្អ ភាវៈមានជីវិតតែងត្រូវការធាតុបង្កគ្មានជីវិត ។

សំណួរ

1. ចូរឆ្លើយនឹងសំណួរខាងក្រោមនេះ ។
2. ចូរគូសសញ្ញា ធីក ក្នុងជួរណាដែលមានន័យត្រូវនឹងឈ្មោះនៃសារពាង្គកាយ ។
ល.​រ ឈ្មោះសារពាង្គកាយ ភាវៈស្វ័យជីព
(អ្នកផលិត)
ភាវៈបរជីព
រុក្ខសី
ភាវៈបរជីព
មំសាសី
ភាវៈបរជីព
លំដាប់ខ្ពស់
ភាវៈបរជីព
សព្វាសី
អ្នកបំបែក
1 ស្មៅ
2 កណ្តូប
3 ស្រមោច
4 ផ្កា
5 មេអំបៅ
6 ដង្កូវ
7 ចាប
8 ស្វា
9 ពស់
10 គោ