ចេះម្យ៉ាងមានអំណាច
អ្នកខ្លៅខ្លាចឱនសំពះ
គេខុសជេរដៀលត្មេះ
អ្នកខ្លៅខ្លះគេលបខឹង ។
ប្រាជ្ញម្យ៉ាងចេះសព្វសុស
ប្រព្រឹត្តខុសនោះមិនដឹង
មិនគិតពិនិត្យថ្លឹង
ប្រាជ្ញប្រិតប្រឹងប្រដៅគេ ។
កូនចៅទោះធំតូច
ខុសខិលខូចខឹងវាយជេរ
មារយាទខ្លួនខុសគេ
មិនគ្នាន់គ្នេរកិរិយាឯង ។
កូនចៅទាំងស្រីប្រុស
ការត្រូវខុសគួរគិតក្រែង
គិតគ្រប់សព្វកន្លែង
តែងនឹងមានរាល់រូបកាយ ។
ភ្នែកបើកភ្លឺមែនពិត
មើលឃើញជិតៗរៀងអាយ
ភ្នែកធ្មេចមើលឃើញឆ្ងាយ
សព្វសុសសាយមិនសេសសល់ ។
រៀនរកសុីលក់ទិញ
ខាតចំណេញគិតឲ្យដល់
ឲ្យដឹងការកិច្ចកល
ទើបកើតផលប្រយោជន៍ខ្លួន ។
ឲ្យរៀនលេខនព្វន្ត
បូកហាគុណឲ្យមាំមួន
ដីសនិងក្តារឆ្នួន
ក្រែងចិនយួនបំបាត់បាន ។
ជញ្ជីងភ្នែកមានល្បាក់
មើលឲ្យជាក់កុំប្រមាណ
ក្រែងខុសខាតមិនខាន
ធ្លាប់រាប់អានកុំទុកចិត្ត ។
ភ្នែកមនុស្សធំរលីង
ភ្នែកជញ្ជីងគេចុចល្អិត
អ្នកល្អថ្លឹងប្រឹងប្រឹត
ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។
ចិនមានពីដូរលក់
ស្រូវកន្ទក់កន្តាំងតៅ ។
របស់ទោះឆ្អិនឆៅ
សំពត់អាវខោខ្មៅស ។