មិនចេះលេខអក្សរ
មុខមាត់ល្អប្រាជ្ញាអាប់
ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់
គេសូត្រប្រាប់ទើបបានដឹង ។
ភ្នែកជាភ្លឺក្រលែត
ល្ងង់ព្រោះហេតុមិនខំប្រឹង
កើតទាស់មានចិត្តខឹង
ពឹងរកគេសរសេរឲ្យ ។
មនុស្សក្រហេតុពីខ្ជិល
មិនរមិលមើលមុខក្រោយ
ម្យ៉ាងខ្សត់ពីព្រោះខ្សោយ
ញឹងខាងឲ្យរង្វើលរក ។
ម្យ៉ាងក្រពីព្រោះល្ងង់
ជួញលិចលង់មិនលៃលក
ទិញថ្លៃទៅលក់ថោក
ចេះតែយកគិតមិនយល់ ។
អ្នកមានៗគំនិត
ដេកដើរគិតកើតរវល់
ប្រជ្ញាជាឫសគល់
កើតអំពល់អំពីទ្រព្យ ។
អ្នកល្ងង់និងអ្នកចេះ
បើនឹងរិះរាយរៀបរាប់
អ្នកចេះប្រសើរគាប់
ល្ងង់ឥតភ័ព្វអាប់រាសី ។
មានរូបមានជីវិត
មិនចេះគិតចង់ដឹងអ្វី
រូបប្រុសរិកដូចស្រី
នឹងហ៊ានស្តីគ្មានគេស្តាប់ ។
ល្ងង់ម្យ៉ាងមានអំណាច
ល្ងង់កោងកាចអាងចាក់កាប់
ឆាប់ខឹងមិនដឹងច្បាប់
កាលណាស្លាប់គេត្រេកអរ ។
អ្នកចេះតំរិះដល់
អ្នកល្ងង់ឆ្ងល់មិនសល់ក្រ
ចេះល្អិតចិត្តជាល្អ
សួយអាករចូលមិនខ្វះ ។