ដាស់តឿនកើនរំលឹក
ជេរល្ងាចព្រឹកខ្លាចកូនក្រ
ចង់ឲ្យតែកូនល្អ
លោមអង្វរឲ្យកូនខំ ។
កូនកាចបំពេញទុក្ខ
ម្តាយឪពុកមានបារម្ភ
កូនស្លូតដឹកគួរសម
មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ ។
ឪពុកម្តាយខ្សត់ខ្សោយ
កុំបណ្តោយឪ្យអាប់យស
ខំរៀនឲកយបានខ្ពស់
គ្រាន់សង្គ្រោះដល់មេបា ។
អ្នកល្ងង់ហេតុពីខ្ជិល
ឥតមន្ទិលរឿងធម៍អាថិ
គូរកូនចៅសិក្សា
រៀនអក្ខរាទាំងប្រុសស្រី ។
កាលអង្គព្រះសាស្តា
មានថេរាមានថេរី
ភិក្ខុភិក្ខុនី
ធម៍បាលីចេះចាំស្ទាត់ ។
លោកសង្ឃខ្លះចេះស្ទើរ
ចេះភ្លើៗធ្វើឲ្យភ្លាត់
ព្រះអង្គទ្រង់សន្មត
សិក្ខាបទដល់ឥឡូវ ។
ទំលាប់ទំនៀមខ្មែរ
ខំធ្វើស្រែចង់បានស្រូវ
អ្នករៀនច្បា់ខុសត្រូវ
ទុកជាផ្លូវភ្លឺប្រាជ្ញា ។
ស្រុកសៀមលាវបារាំង
ចេះតតាំងពីដូនតា
ចេះលេខចេះអក្ខរា
សរសេរចារទាំងប្រុសស្រី ។
ជាតិខ្មែរមិនចេះខ្មាស
នាំពីចាស់គំនិតខ្លី
ល្ងង់ដប់ចេះពីរបី
ចេះជួញក្តីមិនចេះច្បាប់ ។