បណ្តាំក្រមង៉ុយ

នេះបទព្រហ្មប្រាជ្ញប្រែ
ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី
ឲ្យប្រិតប្រុងស្មារតី
គួរគប្បីឲ្យឧស្សាហ៏ ។
កុំខ្ជិលកុំល្ងង់ពេក
ខំរៀនលេខរៀនអក្ខរា
រៀនគ្រប់សព្វធម៍អាថិ
ប្រាជ្ញាផ្សំនិងគំនិត ។
កំណើតកើតជាមនុស្ស
មើលឲ្យធ្លុះទោះឆ្ងាយជិត
ចេះស្ទាត់ប្រាកដពិត
គិតការអ្វីបានគ្រប់យ៉ាង ។
មនុស្សល្ងង់មិនផ្អើលភ្ញាក់
ដូចភ្នែកខ្វាក់ទាំងសងខាង
មានរូបគ្មានអ្វីអាង
សាបបាបថោកកើតមកខ្លៅ ។
ពូជមនុស្សទោះខ្ពស់ទាប
កាត់តាមភាពត្រកូលផៅ
អាក្រក់ល្អសខ្មៅ
កាត់កូនចៅដូចដូនតា ។
ពូជល្ងង់មិនបានបួស
ទុកជាទោសនឹងសាសនា
អ្នកបួសចេះធម៍អាថិ
កូនសិក្សាខំរៀនសូត្រ ។
ពូជខ្លៅមិនសូវប្រាជ្ញ
ពូជកោងកាចមិនសូវស្លូត
ពូជត្រង់ៗរហូត
ពូចភរភូតមិនផុតផៅ ។
ឪពុកម្តាយស្លូតត្រង់
ចិត្តមិនចង់ឪ្យកូនខ្លៅ
ជេរវាយស្តីប្រដៅ
ឲ្យកូនចៅបានចេះដឹង ។
ឪពុកគ្មានតំរិះ
ឃើញកូនចេះមិនដែលខឹង
ឃើញកូនខំប្រិតប្រឹង
ឪពុកដឹងតែងត្រេកអរ ។