ចូរអានរឿងខាងក្រោម ។ តើរឿងនេះចង់អប់រំដូចម្តេច ?

រឿង ក្តាន់ ក្អែក និងចចក

ក្តាន់និងក្អែក ជាមិត្តនិងគ្នារស់នៅយ៉ាងសុខសាន្ត ។ ថ្ងៃ​មួយ ចចកឃើញក្តាន់ក៏ចូលទៅនិយាយបញ្ចុះបញ្ចូលទាល់តែក្តាន់ទុកចិត្ត ។ សត្វទាំងពីរ សុំគ្នាធ្វើជាមិត្ត ។ ក្អែកដឹងពីល្បិចចចក ក៏ប្រាប់ក្តាន់ឱ្យឈប់ទាកទង តែត្រូវក្តាន់បដិសេធ ។ ល្ងាចមួយ ចចកឃើញអន្ទាក់ព្រាន ក៏ប្រាប់ក្តាន់ឱ្យទៅរកសុីទីនោះ ដើម្បីឱ្យក្តាន់ជាប់អន្ទាក់ ។ ក្តាន់ជឿតាមចចកក៏ភ្លាត់ទៅជាប់អន្ទាក់ព្រាន ។ ក្តាន់ស្រែកហៅឱ្យចចកជួយ តែចចកធ្វើមិនឮ រត់ពួនក្នុងគុម្ពោតព្រៃចាំមើលក្តាន់រើបម្រះអស់កម្លាំង វានឹងសុី ។ ក្អែកពុំឃើញក្តាន់ ខំហើររក ក៏ប្រទះឃើញក្តាន់ជាប់អន្ទាក់ ។ ក្អែកប្រាប់ក្តាន់ឱ្យធ្វើពុតជាងាប់ នៅពេលព្រានមកដល់ ។ ពេលព្រានដោះអន្ទាក់រួច វានឹងធ្វើសញ្ញាឱ្យក្តាន់ស្ទុះបោលឱ្យលឿន ។ ព្រានមកដល់ឃើញក្តាន់ជាប់អន្ទាក់ដេកស្តូក ក៏ដោះក្តាន់ដាក់ទៅម្ខាង ។ ក្អែកឃើញដូច្នោះ ក៏ស្រែកខ្វកៗ ។ ក្តាន់ស្ទុះបោល ចូលទៅក្នុងព្រៃ ។ ព្រានក៏ស្ទុះទៅយកលំពែងពួយសំដៅក្តាន់ តែជួនជាចំកន្លែងចចកសម្ងំនៅ ។ លំពែងនោះធ្លាក់ត្រូវចចកមរណា នាពេលនោះទៅ​ ។