មិត្តជិតស្និទ្ធ

មនុស្សគ្រប់រូប ត្រូវចេះស្រឡាញ់រាប់អានគ្នាជាមិត្ត ទើបមានសេចក្តីសុខចម្រើន ។ មិត្តល្អនាំយើងទៅរកសេចក្តីចម្រើន រីឯមិត្តអាក្រក់នាំយើងទៅរកសេចក្តីទុក្ខ វិនាសអន្តរាយ ។ ដូច្នេះ មុននឹងសេពគប់មិត្ត ត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបនឹងជំពូកមិត្តអាក្រក់ ។
តម្លៃអប់រំនៃរឿង

រឿងនីមួយៗ សុទ្ធតែបង្គប់នូវតម្លៃអប់រំ ។ ចូរអានរឿងខាងក្រោម តើគេអប់រំដូចម្តេច ?
រឿងសត្វលលកនិងស្រមោចខ្មៅ

នៅលើដើមជ្រៃក្បែរមាត់ស្ទឹង មានសត្វលលកមួយរស់នៅ ។ ថ្ងៃមួយ​ លលកកំពុងទំនៅលើមែកឈើ គយគន់រកចំណី នៅខាងក្រោម ស្រាប់តែឃើញស្រមោចមួយ ហ្វូងកំពុងហែលទឹក ។ ស្រមោចទាំងនោះខំតោងគ្នាដើម្បីឡើងមកលើគោកវិញ ។ ប៉ុន្តែការខិតខំរបស់ពួកវាមិនបានសម្រេចសោះ ។ លលកឃើញដូច្នេះ មានចិត្តអណិតអាសូរ ជាពន់ពេក ។ វាហើរទៅពាំមែកឈើងាប់មួយកំណាត់ យកមកដាក់ក្បែរហ្វូងស្រមោចទាងនោះ ដើម្បីធ្វើជាស្ពាន ឱ្យស្រមោចតោងឡើង ។ ស្រមោចទាំងអស់ បានរួចផុតពី សេចក្តីស្លាប់គ្រប់ៗគ្នា ។ ពួកស្រមោច បានថ្លែងអំណរគុណដល់លលក ដែលបានជួយសង្រ្គោះពួកគេ ។
ថ្ងៃក្រោយមក ពេលលលកកំពុងទំលើមែកឈើ ស្រាប់តែមានព្រានព្រៃដើរមកដល់ ។ ព្រានឃើញលលក ក៏តំរង់ស្នាបម្រុងនឹងបាញ់ ។ ហ្វូងស្រមោចឃើញហើយក៏ស្រុះគ្នាជួយយក អាសាលលកវិញម្តង ។ ឆ្លៀតពេលដែលព្រានកំពុងតែស្រងៀវភ្ងែកបម្រុងបាញ់ ពួកស្រមោចក៏នាំគ្នារោមខាំជើងព្រាន ។​ ព្រានភ្ញាក់កន្ត្រាក់ជើង រួចទន្រ្ទាំជើងឮសូរទើបៗ ។ លលកឮសូរនោះ ក៏ងាកមើល ។ លុះដឹងថា ព្រានប៉ងបាញ់ខ្លួនលលកក៏ហើរចេញទៅ​ ។
រឿងនេះ បានអប់រំយើងឱ្យចេះជួយយកអាសាអ្នកដទៃ នោះអ្នកដទៃនឹងជួយយកអាសាយើងវិញ ឬជួយគ្នាក្នុងគ្រាមានអាសន្ន ។

តម្លៃអប់រំ គឺជាដំបូន្មាន បទពិសោធ សកម្មភាព ដែលអ្នកអានទាញយកអំពីខ្លឹមសារនៃរឿង ។