អត្ថបទពណ៌នាអំពីមនុស្ស

អត្ថបទមួយ អាចមានមួយ ឬច្រើនកថាខណ្ឌ ។ ការចាប់ផ្តើមកថាខណ្ឌគេត្រូវចូលបន្ទាត់ ។
ចូរអានអត្ថបទខាងក្រោម និងស្វែងយល់ការពណ៌នាក្នុងផ្នែកនីមួយៗ ។

លោកគ្រូខ្ញុំឈ្មោះ សុផាត ។​ គាត់ មានអាយុ ៥៥ ឆ្នាំ ។ គាត់មានរាងទាបក្រអាញ សម្បុរសសណ្តែកបាយ សក់រួញអង្គាដី ។ មុខគាត់មានរាងពងក្រពើភ្នែកធំៗ ចិញ្ចើមក្រាស់ ច្រមុះស្រួច ។ គាត់មានទឹកមុខញញឹមគួរឱ្យចូលចិត្ត ។ ដៃជើងរបស់គាត់មានសាច់ដំធំៗទំនងជាមនុស្សមានកំលាំងណាស់ ។​ លោកគ្រូខ្ញុំនិយាយមួយៗច្បាស់ៗ និងមានសំឡេងពីរោះគួរឱ្យចង់ស្តាប់ ។ គាត់តែងស្លៀកសម្លៀកបំពាក់សមរម្យជានិច្ច ។
លោកគ្រូខ្ញុំជាមនុស្សរួសរាយ រាក់ទាក់ និងមានទឹកចិត្តល្អ ។ លើសពីនេះ គាត់មានចរិតស្លូតបូត តែមុឹងម៉ាត់ក្នុងការងារ ។ គាត់ឧស្សាហ៍ព្យាយាម និងមានអធ្យាស្រ័យល្អណាស់ ។ ពេលសិស្សមានកំហុស គាត់ពុំដែលសម្លុត បន្តុះបង្អាប់ ឬប្រើហិង្សាឡើយ ។ គាត់តែងនិយាយណែនាំ ដាស់តឿន លួងលោមសិស្សដោយពាក្យផ្អែមល្ហែម ។ អ្នកផងចាត់ទុកគាត់ជាមនុស្សថ្លៃថ្នូរ ។
លោកគ្រូខ្ញុំ ជាមនុស្សសកម្មក្នុងការងារ ។ គាត់យកចិត្តទុកដាក់ ក្នុងការបង្រៀនណាស់ ។ នៅផ្ទះគាត់ឆ្លៀតដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីជាជំនួយក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ។ លើសពីនេះ គាត់តែងចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍសហគមន៍ ។ ពេលទំនេរ លោកគ្រូខ្ញុំចូលចិត្តលេងកីឡាវាយសី និងលេងប៊ូល ។
ខ្ញុំនិងមិត្តភក្តិ គោរពស្រឡាញ់លោកគ្រូខ្ញុំណាស់ ព្រោះគាត់ខំបង្រៀន និងអប់រំសិស្សឱ្យក្លាយជាមនុស្សល្អ ។

សំណួរ

  1. តើអត្ថបទនេះ ពណ៌នាពីអ្នកណា ?


  2. តើអត្ថបទនេះ ចែកជាប៉ុន្មានកថាខណ្ឌ ?


  3. តើកថាខណ្ខទី១ រៀបរាប់ពីអ្វី ?


  4. តើកថាខណ្ខទី២ រៀបរាប់ពីអ្វី ?


  5. តើកថាខណ្ខទី៣ រៀបរាប់ពីអ្វី ?


  6. តើកថាខណ្ខទី៤ រៀបរាប់ពីអ្វី ?


តាមធម្មតា ក្នុងការពណ៌នាអំពីមនុស្ស ក្នុងតួសេចក្តីត្រូវចែកជាពីរផ្នែកធំៗ ៖

១. រូបសម្បត្តិ

ភិនភាគ ឬរូបរាងខាងក្រៅ ៖ មាឌ កម្ពស់ សម្បុរ ទម្រង់មុខ មាត់ ច្រមុះ ភ្នែក ត្រចៀក ចង្កា ដៃជើង សម្លៀកបំពាក់ គ្រឿងតុបតែងខ្លួន... ។ ឥរិយាបថ ៖ ដេក ដើរ​ ឈរ អង្គុយ និយាយស្តី... ។

២. ចរិយាសម្បត្តិ

គុណសម្បត្តិ ៖ ប្រាជ្ញា សមត្ថភាព តម្លាប់ល្អ ភាពហ្មត់ចត់ ការឧស្សាហ៍ ព្យាយាម... ។
គុណវិបត្តិ ៖ កាច ព្រហើន ហិង្សា ខ្ជិល ខ្ជីខ្ជា... ។