ចូរអានអត្ថបទ រួចឆ្លើយនឹងសំណួរខាងក្រោម ។

ការពណ៌នាអំពីតួអង្គ

គេអាចស្គាល់តួអង្គ តាមរយៈការពណ៌នារបស់អ្នកនិពន្ធ ឬតួអង្គផ្សេងទៀតនៅក្នុងសាច់រឿង ។ ចូរអានរឿងខាងក្រោម តើអ្នកនិពន្ធបានពិពណ៌នាអំពីតួអង្គដូចម្តេចខ្លះ ?
រឿង ទឹកចិត្តប្អូន
កាលពីដើម មានយុវជនម្នាក់អយុ ១៨ ឆ្នាំឈ្មោះ វាសនា ។ វាសនា​មានរូបរាងសង្ហា និងមានចរិតស្លូតបូត ។ វាសនារស់នៅជាមួយបងប្រុស ដែលមានប្រពន្ធរួចហើយ ។ ទាំងពីរនាក់បងប្អូន ស្រឡាញ់គ្នាណាស់ ។
ថ្ងៃមួយ មានសត្រូវបរទេសចូលមកឈ្លានពានទឹកដី ។ មេទ័ព បានតម្រូវឱ្យយុវជនទាំងអស់ចូលបម្រើកងទ័ព ។ វសនានិងបងប្រុស បានចូលបម្រើក្នុងជួរកងទ័ព ។ ថ្ងៃមួយពេលចេញច្បាំង បងប្រុសត្រូវសត្រូវចាប់បាននាំយកទៅ ។ វាសនាគិតថា ខ្លួននៅលីវគ្មានប្រពន្ធកូន ឯបងខ្លួនមានប្រពន្ធកូន សូវខ្លួនស្លាប់ចុះ ឱ្យបងរស់នៅ ចិញ្ចឹមប្រពន្ធកូនប្រសើរជាង ។ គិតហើយ វាសនាកន្ទ្រាក់ដាវរត់ទៅស្កាត់ពួកខ្មាំង ។ វាសនាប្រយុទ្ធជាមួយសត្រូវ ដោយស្រែកប្រាប់បងឱ្យរត់ ទុកឱ្យខ្លួននៅតទល់នឹង សត្រូវ ។ បងរត់រួច វាសនានៅតស៊ូនឹងខ្មាំង ដោយបញ្ចេញអស់នូវចំណេះគុនទាំងប៉ុន្មាន ។ ជាសំណាងល្អកងទ័ពជំនួយមកដល់ធ្វើឱ្យសត្រូវរត់ខ្ចាតខ្ចាយអស់ទៅ ។
រឿងនេះ គេពណ៌នាអំពីតួអង្គវាសនា ដោយរៀបរាប់ ឈ្មោះ អាយុ រូបរាង ចរិត ការរស់នៅ សកម្មភាព និងទឹកចិត្ត ។
ការពណ៌នាអំពីតួអង្គ គឹការៀបរាប់ពី រូបរាង តួនាទី ចរិតលក្ខណៈ (គុណសម្បត្តិ គុណវិបត្តិ) សកម្មភាព ចំណងចំណូលចិត្ត របស់តួអង្គ ដែលអ្នកនិពន្ធបាន បង្ហាញនៅក្នុងសាច់រឿង ។