រឿង រៃនិងស្រមោច

រដូវប្រាំង រៃហើរច្រៀងលេងគ្មានគិតខ្វល់ខ្វាយរកស្រូវអង្ករទុកឡើយ។
ឯស្រមោចជាសត្វឧស្សាហ៍ ខំនាំគ្នារកស្បៀងទុក។ រដូវភ្លៀងធ្លាក់មកដល់ រៃអត់អាហារក៏ហើរទៅខ្ចីស្បៀងស្រមោច។
ស្រមោចសួររៃ “អើរៃ! កាលពីរដូវប្រាំងតើអ្នករវល់ធ្វើអ្វីបានជាមិនខំរកស្បៀងទុក ?”។
រៃឆ្លើយ “ខ្ញុំរវល់ហើរស្រែកច្រៀងលេងយ៉ាងសប្បាយ”។ ស្រមោចតប “រៃអើយ!
បើពីដើមអ្នកធ្លាប់ច្រៀងលេង ឥឡូវច្រៀងទៀតទៅ ព្រោះការច្រៀងនាំឲ្យអ្នកឆ្អែត”។
រៃនៅតែទទូចអង្វរស្រមោច “ឱមិត្តអើយ! ខ្ញុំអត់បាយស្ទើរដាច់ពោះស្លាប់ទៅហើយ
អណិតចែកស្បៀងឲ្យខ្ញុំខ្ចីបន្តិចមក”។ ស្រមោចឆ្លើយ “ស្បៀងយើងមានខ្លះដែរ តែទុកល្មមកូនចៅយើង
ខ្ញុំពុំមានស្បៀងច្រើនចែករំលែកឲ្យអ្នកទេ”។ រៃអស់សង្ឈឹម ក៏ហើរទៅវិញទាំងទុក្ខសោក។