គន្ថីទី ១

បទប្បញ្ញត្តិទូទៅ

មាតិកាទី ២

ការទទួលខុសត្រូវព្រហ្មទណ្ឌ

ជំពូកទី ៣

ការទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជន


មាត្រា ៣៨. នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ

នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ឡើងទៅ ។

មាត្រា ៣៩. វិធានការអនុវត្តចំពោះអនីតិជន

អនីតិជនដែលប្រព្រឹត្តបទល្មើស ជាកម្មវត្ថុនៃវិធានការតាមដាន វិធានអប់រំ វិធានការការពារ និងវិធានការឧបត្ថម ។

ប៉ុន្តែ តុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ឡើងទៅ ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ ។

មាត្រា ៤០. ប្រភេទនៃវិធានការ

វិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថមមាន ដូចតទៅ ៈ
១. ការប្រគល់អនីតិជនឱ្យទៅឪពុកម្តាយ អាណាព្យាបាល បុគ្គលដែលថែរក្សាអនីតិជននោះ ឬ បុគ្គលណាផ្សេងទៀត ប្រសិនបើបុគ្គលនោះសក្តិសមនឹងទំនុកចិត្ត ។
២. ការប្រគល់អនីតិជនឱ្យទៅសេវាសាធារណៈ ដែលសម្រាប់ទទួលបន្ទុកអនីតិជន ។
៣. ការប្រគល់អនីតិជនឱ្យទៅអង្គការឯកជន ដែលមាននីតិសម្បទាក្នុងការទទួលអនីតិជន ។
៤. ការប្រគល់អនីតិជនឱ្យទៅមន្ទីរពេទ្យ ឬស្ថប័នឯកទេស ។
៥. ការដាក់អនីតិជនឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការ ។

មាត្រា ៤១. ការដាក់ឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការ

ក្នុងករណីដាក់ឱ្យស្ថិតនៅក្រោមការការពារតុលាការនោះ តុលាការចាត់តាំងបុគ្គលមួយរូបដែលទទួលភារៈធ្វើការតាមដានអនីតិជន ។ បុគ្គលនេះផ្ញើរបាយការណ៍ស្តីពីកិរិយាមារយាទរបស់អនីតិជនឱ្យបានទៀងទាត់ដល់ព្រះរាជអាជ្ញា ។ បុគ្គលនេះផ្តល់ព័ត៍មានដល់ព្រះរាជអាជ្ញាអំពីព្រឹត្តិការណ័ទាំងអស់ ដែលអាចនាំឱ្យមានការ កែប្រែនូវវីធានការនេះ ។