កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលធ្វើឱ្យ បាត់បង់នូវការដឹងខុសត្រុវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ។
កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលបន្ថយនូវការដឹងខុសត្រូវរបស់ខ្លួន ជននោះនៅតែទទួលខុសត្រូវព្រហ្មទណ្ឌដដែល ប៉ុន្តែ តុលាការត្រូវ គិតគូរអំពីបញ្ហានេះ កាលណាតុលាការកំណត់ទោស ។
កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដោយសារការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬ សារជាតិដែឡច្បាប់ហាមឃាត់ មិនអាចរួចផុតពីការ ទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ។
បុគ្គលណាដែលប្រព្រឹត្តអំពើដែលបានបញ្ញត្ត ឬ អនុញ្ញាតតាមច្បាប់ បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ ។
បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អជ្ញាធរស្របច្បាប់ បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ លើកលែងតែអំពើនេះជាអំពើខុសច្បាប់ជាក់លាក់ ។
ប៉ុន្តែ ចារី សហចារី អ្នកផ្តើមគំនិត ឬ អ្នកសមគំនិតក្នុងបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងបនុស្សជាតិ ឬ បទឧក្រិដ្ឋសង្គ្រាម មិនអាចលើកលែងឱ្យផុតពីការទទួលខុសត្រូវ
ព្រហ្មទណ្ឌរបស់ខ្លួនទេ ទោះបីជាក្នុងករណិមានមូលហេតុដូចខាងក្រោមក៏ដោយ ៈ
១. ជនល្មើសនោះបានប្រព្រឹត្តអំពើដែលបញ្ញត្ត អនុញ្ញាត ឬ មិនហាមឃាត់ដោយច្បាប់ជាធរមាន ។
២. បុគ្គលនោះបានប្រព្រឹត្តតាមបញ្ជារបស់អជ្ញាធរស្របច្បាប់ ។
បុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ។
ការការពារស្របច្បាប់ ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ ៈ
- បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ
- បទល្មើ និងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង
- គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងាន់នៃការឈ្លានពាន ។
ត្រូវបានសន្មតថាជាការការពារស្របច្បាប់ នៅក្នុងករណីដូចតទៅ ៈ
១. បទល្មើសត្រូវបានប្រព្រឹត្ត ដើម្បីរុញច្រានការចូលក្នុងពេលយប់ ដោយការកាប់គាស់ទម្លុះទម្លាយ ដោយហិង្សា ឬ ដោយកលល្បិចនៅក្នុងទីកន្លែងដែលមានមនុស្សនៅ ។
២. បទល្មើសបានប្រព្រឹត្ត ដើម្បីការពារខ្លួនប្រឆាំងនឹងការលួច ឬ ការប្លន់ដែលអនុវត្តដោយហិង្សា ។
សច្ចធារណ៍នៃការការពារស្របច្បាប់ ពុំមានលក្ខណៈដាច់ខាតទេ ។ សច្ចធារណ៍នេះអាចត្រូវរំលាយដោយផស្តុតាងផ្ទុយ ។
បុគ្គលដែលស្ថិតនៅក្នុងការចាំបាច់ត្រូវតែប្រព្រឹត្តបទល្មើស មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ។
ស្ថានភាពចាំបាច់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ ៈ
- បទល្មើសត្រូវបានចាត់ទុកថា ត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិ ប្រឆាំងនឹងគ្រោះថ្នាក់កំពុងកើតមាន ឬ ដែលនឹងកើតមាន និង
- គ្មានវិសមាមាត្ររវាងមធ្យោបាយការពារនិងទម្ងន់នៃគ្រោះថ្នាក់ ។
បុគ្គលដែលប្រព្រឹត្តបទល្មើសក្រោមអានុភាពនៃកម្លាំង ឬ ការបង្ខំ ដែលបុគ្គលនេះមិនអាចទប់ទល់បាន បុគ្គលនេះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ។
កម្លាំង និងការបង្ខំ អាចចេញមកពីព្រឹត្តិការណ៍ក្រៅឆន្ទៈរបស់មនុស្សតែប៉ុណ្ណោះ ។ កម្លាំង និងការបង្ខំនេះត្រូវតែមិនអាចមើលឃើញមុនបាន និងមិនអាចជៀសវាងបាន ។
បុគ្គលដែលមិនទទួលខុសត្រូវព្រហ្មទណ្ឌ មិនត្រូវទទួលទណ្ឌកម្មព្រហ្មទណ្ឌណាមួយទេ ។