គន្ថីទី ១

បទប្បញ្ញត្តិទូទៅ

មាតិកាទី ២

ការទទួលខុសត្រូវព្រហ្មទណ្ឌ

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ


មាត្រា ២៤. គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ

បុគ្គលម្នាក់ៗ ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ណ្ណោះ ។

មាត្រា ២៥. និយមន័យនៃចារី

ត្រូវចាត់ទុកជាចារី ចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់ ។

ត្រូវចាត់ទុកជាចារីផងដែរ ចំពោះបុគ្គលណាដែលប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬ ក្នុងករណីដែលច្បាប់បានចែងទុក ចំពោះបទមជ្ឍិម ។

មាត្រា ២៦. និយមន័យនៃសហចារី

ត្រូវចាត់ទុកជាសហចារី កាលណាបុគ្គលច្រើននាក់ បានព្រមព្រៀង ប្រព្រឹត្តបទល្មើសរួមគ្នាដោយផ្ទាល់ ។

ត្រូវចាត់ទុកជាសហចារីដែរ កាលណាមានបុគ្គលច្រើននាក់បានព្រមព្រៀងប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទមជ្ឍិមដោយផ្ទាល់ក្នុងករណីច្បាប់បានចែងទុក ។

មាត្រា ២៧. និយមន័យនៃការប៉ុនប៉ង

ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬ ក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិម អាចត្រូវផ្តន្ទាទោសបាន កាលណាលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញ ៈ
- ចារីចាប់ផ្តើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើស និង
- ចារីមិន បានបញ្ឍប់អំពើររបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្ត តែត្រូវបានរាំងស្ទះ ឬ អាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន ។

អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្តើមអនុវត្តទេ ។

ការប៉ុនប៉ងក្នុងបទលាហុ ពុំទទួលការផ្តន្ទាទោសទេ ។

មាត្រា ២៨. និយមន័យនៃអ្នកផ្តើមគំនិត

ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬ​ បទមជ្ឍិម ចំពោះបុគ្គលណាដែល ៈ ។
១. ជំរុញឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ តាមការណែនាំ ឬ ការបញ្ជា ។
២. បង្កឱ្យមានបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ​ ដោយផ្តល់អំណោយ ដោយការសន្យា ឬ​ ការគំរាមកំហែង ការញុះញង់ ការលួងលោម ឬ​ ក៏ ដោយការរំលោភអាជ្ញា ឬ អំណាចរបស់ខ្លួន ។

អ្នកផ្តើមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបានសម្រេច ឬបានប៉ុនប៉ង ។

អ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬ បទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ។

មាត្រា ២៩. និយមន័យនៃអ្នកសមគំនិត

ត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬ បទមជ្ឈិម ចំពោះបុគ្គលណាដែលជួយសម្រួលដោយចេតនា ដល់កាប៉ុនប៉ង ឬ ការសម្រេចបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្តល់ជំនួយ ឬ ការឧបត្ថម្ភរបស់ខ្លួន ។​

អ្នកសមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបានសម្រេច ឬបានប៉ុនប៉ង ។

អ្នកសមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចក្នានឹងចារីដែរ ។

មាត្រា ៣០. និយមន័យនៃអ្នករាជការសាធារណៈ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត

១. អ្នករាជការសារធារណៈ មានន័យថា ៈ
ក. បុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ឬ ស្ថាប័នតុលាការដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្ត ទោះជាអចិន្ត្រៃយ៍ ឬ​ ជាបណ្តោះអាសន្នក្តី ទោះជាបានទទួល ឬ មិនបានប្រាក់ឈ្នួលក្តី ដោយមិនគិតពីឋានៈ អាយុរបស់បុគ្គលនោះឡើយ ។
ខ. បុគ្គលឯទៀត ដែលធ្វើការក្នុងមុខងារសាធារណៈ រួមទាំងទីភ្នាក់ងារសាធារណៈ ឬសហគ្រាសសាធារណៈ ព្រមទាំងស្ថាប័នសាធារណៈដទៃទៀត ដែលមានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។​

២. ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត មានន័យថាជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្គាត់ ព្រមទាំងពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីបំពេញមុខងារសាធារណៈដទៃទៀត ។