គន្ថីទី ១

បទប្បញ្ញត្តិទូទៅ

មាតិកាទី ១

ច្បាប់ព្រហ្មទណ្ឌ

ជំពូកទី ៣

ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជានៅក្នុងលំហ

ផ្នែកទី ២

បទល្មើសដែលបានប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា


មាត្រា ១៩. បទឧក្រិដ្ឋ ឬ បទមជ្ឍិមប្រព្រឹត្តដោយពលរដ្ឋខ្មែរ

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើគ្រប់បទឧក្រិដ្ឋដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទមជ្ឍិមដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរ នៅក្នុងប្រទេសក្រៅណាមួយ ប្រសិនបើអំពើនោះត្រូវបានផ្តន្ទាទោសតាមច្បាប់នៃប្រទេសនោះផងដែរ ។

បទ ប្បញ្ញត្តិទាំងនេះត្រូវអនុវត្តផងដែរ ទោះបីជាជនជាប់ចោទបានទទួលសញ្ជាតិខ្មែរក្រោយអំពើដែលចោទប្រកាន់នេះក៏ដោយ ។

មាត្រា ២០. ជនរងគ្រោះជាជនជាតិខ្មែរ

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវបានអនុវត្តទៅលើគ្រប់បទឧក្រិដ្ឋដែលប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាដោយពលរដ្ឋខ្មែរ​ ឬ ដោយជនបរទេសទៅលើជនរងគ្រោះដែលមានសញ្ជាតិខ្មែរ នៅក្នុងពេលដែលបទល្មើសត្រូវបានប្រព្រឹត្ត ។

មាត្រា ២១. ការធ្វើបណ្តឹងចោទប្រកាន់

នៅក្នុងករណីដែលមានចែងនៅក្នុងមាត្រា ១៩ (បទឧក្រិដ្ឋ ឬ បទមជ្ឍិមប្រព្រឹត្តដោយពលរដ្ឋខ្មែរ) និងមាត្រា ២០ (ជនរងគ្រោះជាជនជាតិខ្មែរ) នៃក្រមនេះ ការចោទប្រកាន់អាច ប្រព្រឹត្តទៅតាមបណ្តឹងរបស់អយ្យការតែប៉ុណ្ណោះ ។ ការចោទប្រកាន់ត្រូវតែមានបណ្តឹងពីជនរងគ្រោះ ឬ ពីសិទ្ធិវន្ត ឬ បណ្តឹងបរិហារជាផ្លូវការរបស់អាជ្ញាធរនៃប្រទេសដែលជាទីកន្លែងដែលអំពោះនោះបានប្រព្រឹត្ត ។

មាត្រា ២២. សមត្ថកិច្ចដោយឡែកចំពោះបទឧក្រិដ្ឋដោយឡែក

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើស ដែលប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយបើបទល្មើសនោះជា ៖ ។

  • ១. បទល្មើសប្រឆាំងនឹងសុវត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ។
  • ២. បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាក្រកម្ពុជា ។
  • ៣. បទល្មើសក្លែងរូបិយវត្ថុ និងធនបត្រជាតិ ដែលមានតម្លៃស្របច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។
  • ៤. បទល្មើសប្រឆាំងនឹងភ្នាក់ងារទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ។
  • ៥. បទល្មើសប្រឆាំងនឹងទីតាំងទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ។
  • មាត្រា ២៣. ការមិនចោទប្រកាន់ត្រួតគ្នា និងទោស

    ពុំមានការចោទប្រកាន់ណាមួយអាចប្រព្រឹត្តប្រឆាំងនឹងបុគ្គលណាម្នាក់ ដែលត្រូវបានជំនុំជម្រះជាស្ថាពរនៅឯបរទេសចំពោះអំពើល្មើសដដែល ហើយក្នុងករណីដែលមានការផ្តន្ទាទោស បុគ្គលនោះបានបង្ហាញថាខ្លួនបានអនុវត្តទោសរបស់ខ្លួនរួចហើយ ឬ ក៏ទោសត្រូវបានរលត់ដោយការផុតអាជ្ញាយុកាល ។