គន្ថីទី ១

បទប្បញ្ញត្តិទូទៅ

មាតិកាទី ១

ច្បាប់ព្រហ្មទណ្ឌ

ជំពូកទី ៣

ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជានៅក្នុងលំហ

ផ្នែកទី ១

បទល្មើសដែលបានប្រព្រឹត្ត ឬ ចាត់ថាបានប្រព្រឹត្តនៅលើដែនដី
នៃព្រះរាជាណាចក្រកម្ពុជា


មាត្រា ១២. គោលការណ៍ដែនដីនៃការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជា

ក្នុងរៀងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយដែលបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណចក្រកម្ពុជា ។

ដែនដីនៃព្រះរាជាណចក្រកម្ពុជា រួមបញ្ចូលទាំងលំហអាកាស និងសមុទ្រ ដែលមានចំណងចងភ្ជាប់នឹងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ១៣. ទីកន្លែងប្រព្រឹត្តបទល្មើស

បទល្មើសត្រូវបានចាត់ថាប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលអំពើណាមួយនៃបទល្មើសនោះ បានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ១៤. បទល្មើសដែលបានប្រព្រឹត្តនៅក្នុងនាវាកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅក្នុងនាវាដែលមានសញ្ជាតិខ្មែរ ទោះបីនាវានោះស្ថិតនៅទីណាក៏ដោយ ។

មាត្រា ១៥. បទល្មើសដែលបានប្រព្រឹត្តនៅក្នុងនាវាបរទេស

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅក្នុងនាវាបរទេសដែលអាជ្ញាធរកម្ពុជាបានទទួលការអនុញ្ញាតឱ្យពិនិត្យមើល ឬ ឱ្យចាប់នាវាតាមអំណាច នៃកិច្ចព្រមព្រៀងអន្តរជាតិ ។

មាត្រា ១៦. បទល្មើសដែលបានប្រព្រឹត្តនៅក្នុងអាកាសយានកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅក្នុងអាកាសយានដែលចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា ទោះបីជាអាកាសយាននោះស្ថិតនៅទីណាក៏ដោយ ។

មាត្រា ១៧. ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជាចំពោះអំពើដែលបានចាប់ផ្តើមប្រព្រឹត្តនៅកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបុគ្គលគ្រប់រូបដែលជាអ្នកផ្តើមគំនិត ឬ អ្នកសមគំនិតនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបទឧក្រិដ្ឋ ឬ បទមជ្ឍិម ប្រព្រឹត្តនៅឯបរទេស ប្រសិនបើលក្ខខណ្ឌទាំងពីរដូចខាងក្រោមនេះ ត្រូវបានបំពេញ ៖
- បទល្មើសត្រូវផ្តន្ទាទោសតាមច្បាប់កម្ពុជា និងតាមច្បាប់បរទេសផង និង
- អត្ថិភាពនៃបទល្មើស ត្រូវបានបញ្ជាក់ដោយសេចក្តីសម្រេចជាស្ថាពររបស់តុលាការបរទេស ។

មាត្រា ១៨. ការកំណត់បទល្មើសប្រព្រឹត្តដោយនីតិបុគ្គល

ការដាក់ឈ្មោះបទល្មើសដែលប្រព្រឹត្តដោយនីតិបុគ្គលថាជា បទឧក្រិដ្ឋ បទមជ្ឍិម ឬ បទលហុ ត្រូវកំណត់ដោយទណ្ឌកម្មដែលទទួលរងដោយរូបវន្តបុគ្គល ។