ច្បាប់ព្រហ្មទណ្ឌកំណត់បទល្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើស និងកំណត់ទោស ព្រមទាំងបែបបទនៃការអនុវត្តទោសនេះ។
នៅក្នុងករណីចាំបាច់ បទដ្ឋានគតិយុត្តដែលចេញដោយអង្គការនីតិប្រតិបត្តិអាចចែងពីបទលហុដែលត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ ។
ច្បាប់បញ្ញត្តិថា អំពើខ្លះរបស់រូបវន្តបុគ្គល ឬ នីតិបុគ្គលដែលបង្កចលាចលដល់សង្គមជាបទល្មើស។ បទល្មើសត្រូវបានចាត់ថ្នាក់ជា បទឧក្រិដ្ឋ បទមជ្ឍិម និងបទលាហុ ទៅតាម ទម្ងន់នៃបទល្មើសនេះ ។
មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន ។
មានតែទោសដែលមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន នៅពេលដែលបទល្មើស ត្រូវបានប្រព្រឹត្តប៉ុណ្ណោះ ទើបអាចត្រូវប្រកាសបាន ។
ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត ។
ប៉ុន្តែ ក្នុងករណីដែលច្បាប់បានចែងទុកមុន បទល្មើសមួយអាចកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬ ការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ ។
ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរុឹង ។ ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬ ប្រព្រឹត្តតាមសទិសភាពបានឡើយ ។
គ្មានទោសណាមួយដែលអាចត្រូវយកមកអនុវត្តបានឡើយ ប្រសិនបើទោសនោះ មិនត្រូវបានប្រកាសដោយតុលាការទេ ។
ក្នុងរឿងព្រហ្មទណ្ឌ ដែនអនុវត្តច្បាប់កម្ពុជាក្នុងលំហ ត្រូវបានកំណត់ដោយបទប្បញ្ញត្តិនៃក្រមនេះ លើកលែងតែមានសន្ធិសញ្ញាអន្តរជាតិ ។
បទប្បញ្ញត្តិនៃក្រមនេះ ពុំអាចនាំឱ្យមានការបង្កើតនូវស្ថានភាពយុត្តិនិសេធ ចំពោះជនរងគ្រោះនៃបទល្មើសធ្ងន់ធ្ងរ ដែលកំណត់ដោយច្បាប់ដោយឡែកទាក់ទងដល់ ការរំលោភនីតិមនុស្សធម៌អន្តរជាតិ ទំនៀមទម្លាប់អន្តរជាតិ ឬ អនុសញ្ញាអន្តរជាតិ ដែលទទួលស្គាល់ដោយព្រះរាជាណាចក្រកម្ពុជាឡើយ ។